(បាត់ដំបង)៖ លោកបណ្ឌិត ជា តារា ប្រធានក្រុមការងារចុះជួយឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង បានថ្លែងអំពាវនាវដល់សកម្មជនរបស់ខ្លួនទំាំងអស់ អញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា នៅពេលបោះឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នាដើមខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
ការលើកឡើងរបស់លោកបណ្ឌិត ជា តារា បានធ្វើឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ និងទិសដៅសម្រាប់ ការអភិវឌ្ឍឃុំអាណត្តិទី៤ ឆ្នាំ២០១៧-២០២២ របស់គណៈកម្មាធិការឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧។
សូមបញ្ជាក់ថា ពិធីបើកសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក នឹម ថូត ប្រធានក្រុមការងារចុះជួយស្រុកថ្មគោល និងលោកស្រី ជូញ សុខឆៃ អនុប្រធានក្រុមការងារចុះជួយស្រុកថ្មគោល ខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
លោកបណ្ឌិត ជា តារា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានកសាងសមិទ្ធផល ជាច្រើននៅតាមូលដ្ឋានជាក់ស្តែង ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
លោកបានបន្ថែមឲ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការអនុវត្តន៍កម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ គឺសម្រេចបាន សមិទ្ធផលថ្មីៗជាច្រើនទៀត ជូនជាតិ និងប្រជាជន ជាពិសេសការពង្រីកសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានរក្សាយ៉ាងរឹងមាំ ធ្វើឲ្យប្រជាជនរស់នៅយ៉ាងសុខសាន្ត ព្រមទាំងធានានូវការអនុគ្រោះ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាតិផងដែរ៕