(ភ្នំពេញ)៖ សម្រាប់សប្តាហ៍ទី៣ ប្រចាំខែមករា ឆ្នាំ២០១៧នេះ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ក្រសួងមហាផ្ទៃ ក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការ ស្រាវជ្រាវ និងឈានទៅដល់ការចាប់ខ្លួនជនជាតិបរទេសដែលលួចឆ្លងដែន ស្នាក់នៅ និងធ្វើការខុសច្បាប់ក្នុងប្រទេសកម្ពុជា ចំនួន១០១នាក់។

ប្រតិបត្តិការចាប់ខ្លួនជនជាតិបរទេសខាងលើនេះ បានធ្វើឡើងដោយមានកិច្ចសហការ ជាមួយកម្លាំងនគរបាលតាមមូលដ្ឋាន រាជធានី-ខេត្ត ក្រោមការសម្របសម្រួលពី តំណាងអយ្យការផងដែរ។

លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់អង្គភាព Fresh News នៅព្រឹក ថ្ងៃទី២៣ ខែមករា​ ឆ្នាំ២០១៧នេះថា «ការឃាត់ខ្លួនប្រចាំសប្តាហ៍ទី៣ សរុបចំនួន១០១នាក់ មានស្រី១២នាក់ មាន៦សញ្ជាតិ ដូចខាងក្រោមៈ

 -ជនជាតិ វៀតណាម ចំនួន៩២នាក់ ស្រី១១នាក់
 -ជនជាតិ ចិនដីគោក ចំនួន០៣នាក់
 -ជនជាតិ នីហ្សេរីយ៉ា ចំនួន០១នាក់/ស្រីម្នាក់
 -ជនជាតិ បារាំង ម្នាក់
 -ជនជាតិ ឥណ្ឌា ចំនួន០៣នាក់
 -ជនជាតិកូរ៉េ ម្នាក់។

លោកឧត្តមសេនីយ៍បានបញ្ជាក់ថា «ពួកគេទាំងនេះ បានលួចឆ្លងដែន ស្នាក់នៅ​ លើសទិដ្ឋាកា និងគ្មានលិខិតឆ្លងដែន ដោយខុសច្បាប់»

បើតាមលោក អ៊ុក ហៃសីឡា បន្ទាប់បីចាប់ខ្លួន កម្លាំងនគរបាលអន្តោប្រវេសន៍ បានបណ្តេញចេញសរុបចំនួន៩៨នាក់ ស្រី១១នាក់ មាន០៦សញ្ជាតិខាងក្រោមៈ

- ជនជាតិ វៀតណាម ចំនួន ៩១នាក់ ស្រី១១នាក់
 -ជនជាតិ ចិនដីគោកចំនួន០៣នាក់
 - ជនជាតិ លីបេរីយ៉ា ចំនួន០១នាក់
 - ជនជាតិ  បេឡារ៉ូស ចំនួន ០១នាក់
 - ជនជាតិ  ជប៉ុន ចំនួន០១នាក់
 - ជនជាតិ  កូរ៉េចំនួន០៣នាក់

សម្រាប់ជនបរទេសទាំងនេះកំពុងរក្សាទុកនៅក្នុងកន្លែងត្រៀមបណ្តេញចេញ (មណ្ឌលភ្នំពេញចំនួន១៨នាក់ ស្រី០១នាក់ និងមណ្ឌលសៀមរាបចំនួន០១ នាក់) សរុបចំនួន១៩នាក់ ស្រី០១នាក់ មាន១៣សញ្ជាតិ៕