(ភ្នំពេញ)៖ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍មួយ ដើម្បីពិនិត្យលើសំណើ របស់ក្រុមតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងការសុំធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុង មាត្រា៤៨ថ្មី (បី) ដើម្បីរំលាយក្រុមមតិភាគតិចនោះ បានចាប់ផ្តើមហើយ នៅម៉ោង៩៖០០នាទី ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានតំណាងគណៈកម្មការទាំង១០ចូលរួម ក្នុងនោះក៏មានប្រធានគណៈកម្មការ មកពីគណបក្សសង្រ្គោះជាតិផងដែរ។
សូមបញ្ជាក់ថា សំណើសុំធ្វើវិសោធនកម្មនេះ ត្រូវបានចុះហត្ថលេខាដោយ ក្រុមតំណាងរាស្រ្តចំនួន៥៥រូប កាលពីសប្តាហ៍មុន បន្ទាប់ពីមានការប្រកាសដោយ សម្តេចតេជោ ហ៊ុន សែន ឱ្យមានការធ្វើវិសោធនកម្មលើមាត្រា៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានេះឡើងវិញ ព្រោះពិបាកក្នុងការធ្វើការ រួមទាំងមានប៉ុនប៉ងចរចាដោះលែងអ្នកទោស ដែលបំពានដល់អំណាចតុលាការជាដើម។
ដោយសារតែមានសំណើសុំធ្វើវិសោធនកម្ម លើបទបញ្ជាផ្ទៃក្នុងនៅរដ្ឋសភា ត្រង់មាត្រា៤៨ថ្មី (បី) ដែលចែងអំពីប្រធានក្រុមមតិភាគតិច និងភាគច្រើននៅរដ្ឋសភានេះហើយ ទើបបានប្រធានថ្នាក់ដឹកនាំ តំណាងរាស្រ្តគណបក្សទាំងពីរ បានសម្រេចលើកពេលជួបគ្នា តាមសំណើរបស់សម្តេចក្រឡាហោម ស ខេង៕