(ភ្នំពេញ)៖ កម្មវិធី «កំពូលអ្នកប្រដាល់ ស្រាបៀរលីអូ» រដូវកាលទី៥ បានមកដល់ជាសារជាថ្មីទៀតហើយ ជាមួយនឹងការប្រកួតដណ្ដើខ្សែរក្រវ៉ាត់អន្ដរជាតិ នៅស្ថានីយទូរទស្សន៍បាយ័ន ដែលឧបត្ថម្ភទាំងស្រុងដោយ ស្រាបៀរលីអូ។
ថ្លែងក្នុងសន្និសីទ កាសែតនៅសង្វៀនទូរទស្សន៍បាយ័នបឹងស្នោរនៅថ្ងៃទី២២ ខែមករា លោក ព្រាប សុវណ្ណ អ្នកតំណាងស្រាបៀរលីអូ បានថ្លែងថា កម្មវិធី «កំពូលអ្នកប្រដាល់ស្រាបៀរលីអូ» រដូវកាលទី៥នេះ មិនមែនជាការប្រដាល់លក្ខណៈថ្នាក់ជាតិ ដូចរដូវកាលមុនៗទេ តែជាការប្រកួត ដណ្តើមខ្សែក្រវ៉ាត់អន្តរជាតិ។
លោកក៏បានណែនាំ កំពូលអ្នកប្រដាល់កម្ពុជាចំនួនប្រាំ៤ រូបគឺ ដន រដ្ឋា, ឯម វុត្ថា, នន ជំនិត និងរ៉ែន សុវត្ថិ និងកំពូលអ្នកប្រដាល់ មកពីប្រទេសថៃចំនួន២ រូបទៀត គឺ ឡាយ ផាយាក់ និងហា ឈៀងសៀន ដែលនឹងឡើងមកអង្រួនសង្វៀន ក្នុងរដូវកាលថ្មីនេះ។
លោកបន្ដថា «ការឧបត្ថម្ភនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ស្រាបៀរលីអូ ក្នុងការគាំទ្រកីឡាប្រដាល់កម្ពុជា និងកីឡាករកម្ពុជា ហើយយើងជឿជាក់ ថា កីឡាករកម្ពុជាទាំងអស់សុទ្ធតែខ្លាំង មានការតស៊ូ និងពូកែទាំងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។ នេះជាមោទនភាពមួយ សម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បីចូលរួមទស្សនាការប្រកួត របស់កំពូលកីឡាករកម្ពុជា និងកីឡាករអន្តរជាតិល្បីៗ និងខ្លាំងៗជាច្រើនរូប ស្រាបៀរលីអូ នឹងនៅទីនេះ ដើម្បីលើកទឹកចិត្ត និងអបអរ រាល់ជ័យជំនះ របស់កីឡាករកម្ពុជាទាំងអស់»។
លោក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់កម្ពុជា បានថ្លែងថាផងដែរថា «ការប្រកួតដណ្ដើមខ្សែក្រវា៉ត់ កំពូលអ្នកប្រដាល់ស្រាបៀរលីអូនៅពេលនេះ ជាពេលវេលាមួយ ដែលប្អូនៗជាកីឡាករ ត្រូវបញ្ចេញនូវសមត្ថភាព ទេពកោសល្យ និងបច្ចេកទេសព្រមជាមួយគ្នា ទើបទទួលបានជ័យជំនះ ទន្ទឹមនឹងនោះផងដែរ កីឡាករយើង សំខាន់បំផុត គឺសុខភាព ដែលប្អូនៗត្រូវប្រុងប្រយ័ត្នខ្ពស់ ទាំងមុនប្រកួត និងក្រោយការប្រកួត ដូច្នេះសូមឲ្យប្អូនៗទទួលលទ្ធផលល្អក្នុងការប្រកួតនេះ»។
គួរបញ្ជាក់ថា ការប្រកួតនេះ មានរៀងរាល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង៤រសៀល ដល់ម៉ោង៦ល្ងាច នៅសង្វៀនស្ថានីយទូរទស្សន៍បាយ័នបឹងស្នោរ ហើយក៏មានការផ្សាយបន្តរផ្ទាល់នៅលើកញ្ចក់ទូរស្សន៍បាយ័នផងដែរ សូមទស្សនាចាប់ពីសប្ដាហ៍នេះតទៅ៕