(ភ្នំពេញ)៖ នៅម៉ោង៩៖០០នាទី ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ រដ្ឋសភានឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍មួយ ដើម្បីពិនិត្យលើសំណើ របស់ក្រុមតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា ពាក់ព័ន្ធនឹងការសុំធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុង មាត្រា៤៨ថ្មី (បី) ដើម្បីរំលាយក្រុមមតិភាគតិច។
សំណើនេះ ត្រូវបានចុះហត្ថលេខាដោយ ក្រុមតំណាងរាស្រ្តចំនួន៥៥រូប កាលពីសប្តាហ៍មុន បន្ទាប់ពីមានការប្រកាសដោយ សម្តេចតេជោ ហ៊ុន សែន ឱ្យមានការធ្វើវិសោធនកម្មលើមាត្រា៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានេះឡើងវិញ ព្រោះពិបាកក្នុងការធ្វើការ រួមទាំងមានប៉ុនប៉ងចរចាដោះលែងអ្នកទោស ដែលបំពានដល់អំណាចតុលាការជាដើម។
លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា ចំពោះការធ្វើវិសោធនកម្មរឿងនេះ ក្រោយពេលបញ្ចូលទៅក្នុងគណៈកម្មាធិការអចិន្រ្តៃយ៍ សំណើនេះនឹងបញ្ជូនទៅដល់គណៈកម្មការជំនាញ ដើម្បីត្រួតពិនិត្យជាមុន ហើយទើបបញ្ជូនទៅសភាពេញអង្គបោះឆ្នោតសម្រេច។
សូមបញ្ជាក់ថា ដោយសារតែមានសំណើសុំធ្វើវិសោធនកម្ម លើបទបញ្ជាផ្ទៃក្នុងនៅរដ្ឋសភា ត្រង់មាត្រា៤៨ថ្មី (បី) ដែលចែងអំពីប្រធានក្រុមមតិភាគតិច និងភាគច្រើននៅរដ្ឋសភានេះហើយ ទើបបានប្រធានថ្នាក់ដឹកនាំ តំណាងរាស្រ្តគណបក្សទាំងពីរ បានសម្រេចលើកពេលជួបគ្នា តាមសំណើរបស់សម្តេចក្រឡាហោម ស ខេង។
លោក ខៀវ សុភ័គ នាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ការដែលសម្តេចក្រឡាហោម ស ខេង សម្រេចលើកពេលជួបចរចាជាមួយ លោក កឹម សុខា ដោយមិនកំណត់នោះ គឺសម្តេចក្រឡាហោមទុកពេលឱ្យរដ្ឋសភា ធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា មាត្រា៤៨ថ្មី(បី) ជាមុនសិន៕