(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំវេទិកាសាធារណៈ ស្តីពីច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ឬច្បាប់ថវិកាឆ្នាំ២០១៧ ដូចរាល់ឆ្នាំកន្លងមក ដើម្បីធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ដល់សាធារណជនទូទៅ ស្វែងយល់លំអិតអំពីច្បាប់ ថវិកាឆ្នាំ២០១៧បន្ថែមទៀត។
វេទិកាសាធារណៈស្តីពីច្បាប់ថវិកាឆ្នាំ២០១៧នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួម តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, ស្ថាប័នស្រាវជ្រាវ, គ្រឹះស្ថានឧត្តមសិក្សា, វិស័យឯកជន, បណ្តាញសារព័ត៌មាន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវ, និស្សិត និង យុវជន ប្រមាណជាង ២០០ នាក់។
គួរបញ្ជាក់ថា ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ត្រូវបានរដ្ឋសភាផ្តល់ការអនុម័តកាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នាសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី៧ នីតិកាលទី៥ និងត្រូវបានព្រឹទ្ធសភាផ្តល់ការអនុម័តនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ នាសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៣ ហើយត្រូវបានព្រះមហាក្សត្រទ្រង់ឡាយ ព្រះហស្តលេខាដាក់ឱ្យប្រើប្រាស់ ដោយព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០១៦៕