(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆាបឆេះផ្សារកណ្តាល ស្ថិតនៅសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ អស់រយៈពេលជាងមួយម៉ោង ដោយចាប់កើតឡើងពីម៉ោង៤៖១៥នាទី រហូតរលត់ទាំងស្រុង នៅវេលាម៉ោង៥៖១៥នាទី ព្រឹកទៀបភ្លឺថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ សម្រាប់ការខូចខាត គឺតូបលក់ដូរចំនួន១៤តូប ត្រូវបានឆេះបំផ្លាញទាំងស្រុង និង៣តូបទៀតត្រូវភ្លើងឆេះរោល។
លោក ព្រហ្ម យ៉ត នាយការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកនេះថា មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ ជាជំហ៊ានដំបូង សង្ស័យមកពីឆ្លងចរន្តអគ្គិសនី តែយ៉ាងណានោះ មន្រ្តីជំនាញនឹងសហការជាមួយ គណ:កម្មការផ្សារកណ្តាល ធ្វើការស្រាវជ្រាវបន្ថែមទៀត។
នាយការិយាល័យរូបនេះ បានបញ្ជាក់ទៀតថា សម្រាប់ប្រតិបត្តិការ ពន្លត់អគ្គិភ័យនេះវិញ កម្លាំងសមត្ថកិច្ចរបស់លោក បានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន១៨គ្រឿង ស្មើនឹង១៨ជើង។
ក្នុងនោះមានរថយន្តអគ្គិភ័យ ក្រសួងមហាផ្ទៃចំនួន២គ្រឿង តែពុំបានប្រើប្រាស់ទឹកឡើយ, រថយន្តអគ្គិភ័យកងរាជអាវុធហត្ថ រាជធានីភ្នំពេញចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន២គ្រឿង ស្មើនឹង៨ម៉ែត្រគូប និងរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១គ្រឿង ស្មើនឹង៦ម៉ែត្រគូប។
យ៉ាងណាក៏ដោយ សម្រាប់ទំហំការខូចខាត គិតជាទឹកប្រាក់នោះ នៅមិនទាន់ដឹងនៅឡើយទេ ហើយភាគច្រើនតូបដែលត្រូវភ្លើងឆេះនេះ គឺតូបផាត់មុខ និងអ៊ុតសក់។
ជាមួយនឹងគ្រោះអគ្គិភ័យនេះ លោក ចាប ឌីណា ប្រធានផ្សារកណ្តាល បានថ្លែងអំណរគុណដល់កងកម្លាំងសមត្ថកិច្ច បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ដែលបានចូលរួមពន្លត់ ដើម្បីកុំឲ្យរីករាលដាលកាន់តែខ្លាំង ហើយបានរលត់ទៅជាស្ថាពររយ:ពេលមួយម៉ោងក្រោយ។
សូមបញ្ជាក់ថា សម្រាប់ការជួយអន្តរាគមន៍ ពន្លត់អគ្គិភ័យមួយនេះ ក្រៅពីកងកម្លាំងពន្លត់អគ្គិភ័យ គេសង្កេតមានវត្តមាន អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាលរង អធិការខណ្ឌ បានដឹកនាំកម្លាំងដោយផ្ទាល់ ចូលរួមជួយពន្លត់ រហូតគ្រប់ស្ថានការទាំងស្រុង៕