(តាកែវ)៖ លោក ពេជ សោភ័ន សហប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកព្រៃកប្បាស ខេត្តតាកែវ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧នេះ បានរំលឹកដល់ប្រជាពលរដ្ឋថា គួរតែសម្រេចចិត្តបោះឆ្នោតជូនបេក្ខជនឈរឈ្មោះណា ដែលជ្រើសចេញពីគណបក្សដែលបង្កើតដោយប្រជាជន ដើម្បីប្រជាជន និងបម្រើប្រជាជន សំដៅធានាសុវត្ថិភាព និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួន។
ថ្លែងបែបនេះ ត្រូវបានធ្វើឡើងក្នុងឱកាសសន្និបាតបូកសរុបការងារ ឆ្នាំ២០១២-២០១៧ របស់គណៈកម្មាធិការបក្សឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ក្រោមអធិបតីភាពលោក ពេជ សោភ័ន ជាមួយវត្តមាន លោក ហេង សួរ ប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយឃុំពោធិ៍រំចាក និងប្រជាពលរដ្ឋ សមាជិក-សមាជិកាបក្ស ប្រមាណ៦៥០នាក់។
លោក ពេជ សោភ័ន បានឲ្យដឹងថា «បងប្អូនប្រជាពលរដ្ឋ គួរតែគិតគូឲ្យបានត្រឹមត្រូវចំពោះការជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោត ក្នុងឃុំរបស់ខ្លួន ដើម្បីចម្រាញ់យកតំណាងរបស់ខ្លួនណាមួយ ដែលប្រកបដោយការទទួលខុសត្រូវខ្ពស់»។
លោកថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលកើតចេញពីប្រជាជន បម្រើប្រជាជន និងដើម្បីប្រជាជន មានប្រវត្តិបង្កើតឡើងតាំងពីសម័យទាមទារឯករាជ្យ ពីពួកអាណានិគមនិយមបារាំង ហើយបានចូលរួមរំដោះប្រជាជនកម្ពុជាពេញមួយប្រទេស ពីរបបប្រល័យពូជសាសន៍របស់ពួកខ្មែរក្រហម ប៉ុល ពត និងបានកសាងប្រទេសកម្ពុជា តាំងពីបាតដៃទទេរ រហូតដល់ក្លាយជាខ្លាសេដ្ឋកិច្ចថ្មីមួយនៅអាស៊ី។
លោក ពេជ សោភ័ន បានបន្តថា សមាសភាពបេក្ខជនឈរឈ្មោះរបស់គណបក្សប្រជាជន ត្រូវបានជ្រើសរើសចម្រាញ់តាមរយៈការបោះឆ្នោតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងមានលក្ខណៈសម្បត្តិពេញលេញ ក្នុងការដឹកនាំការងារមូលដ្ឋានបានយ៉ាងល្អ។ បេក្ខជនឈរឈ្មោះរបស់គណបក្សប្រជាជនគ្រប់រូប ត្រូវតែមានសមត្ថភាពខ្ពស់ មានឥរិយាបថសមរម្យ យកចិត្តទុកដាក់ទៅនឹងសុខទុក្ខរបស់ប្រជាពលរដ្ឋមូលដ្ឋាន។
លោកបានបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា «ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ កម្ពុជាបានសម្រេចកំណើនសេដ្ឋកិច្ច ៧ភាគរយ ក្នុងឆ្នាំ២០១៦ ដែលកំណើនឆាប់រហ័សនេះ មិនមែនយើងចេះតែថាខ្លួនឯងទេ គឺមានការបញ្ជាក់ពីអន្តរជាតិនានា ដែលគេបានវាយតម្លៃលើកម្ពុជាយើង»។
ក្នុងឱកាសនោះដែរ ក៏មានការបោះឆ្នោតជ្រើសរើសបេក្ខជនគណបក្សចំនួន ២៨រូប ដើម្បីត្រៀមចូលរួមឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។
ចំពោះសកម្មជន និងប្រជាជនក្នុងឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាសនេះទៀតសោត ក៏បានប្ដេជ្ញាគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលជ័យជម្នះលើអាសនៈទាំង៧លើ៧ នៅអាណត្តិក្រោយនេះ។
សូមជម្រាបថា ឃុំពោធិ៍រំចាក មានចំនួន១១ភូមិ មានប្រជាជនចំនួន ១,៩១៣គ្រួសារ ស្មើនឹង ៨,៧៩៤នាក់ ក្នុងនោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមានចំនួន ៥,៨៧៦នាក់៕