(ភ្នំពេញ)៖ សម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា ចំនួន ៣០៥នាក់ បានចុះពិនិត្យព្យាបាលជំងឺ និងចែកថ្នាំពេទ្យដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋមកពី៧សង្កាត់ និងកម្មករ កម្មការិនីមកពី២១រាងចក្រ មានចំនួន ៦២១១នាក់នៅសាលាបឋម សិក្សាត្រពាំងក្រសាំង ភូមិត្រពាំងអណ្តូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី២២ មករា ឆ្នាំ២០១៧ ។
សកម្មភាពនេះ បានធ្វើឡើងដោយមានកិច្ចសហការពីអាជ្ញាធរសាលារាជធានីភ្នំពេញ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ សហភាពសហព័ន្ឋយុវជនកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ទីភ្នាក់ងារជំរុញការវិនិយោគ និងពាណិជ្ជកម្មកូរ៉េ និងសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជា និងជាប្រធានកិត្តិយសសម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំេពញ លោក ហេង សុខគង់ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ឋគ្រូពេទ្យ សភាពសហព័ន្ឋយុវជនកម្ពុជា លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា និងលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ។
ការពិនិត្យ និងព្យាបាលជំងឺ ក្នុងថ្ងៃនេះសរុបបានចំនួន៦,២១១នាក់ ក្នុងនោះ ជំងឺទូទៅចំនួន៦៧២នាក់ ជំងឺបេះដូង និងសរសៃឈាមចំនួន២៦១នាក់ ជំងឺមនុស្សចាស់ចំនួន៥៨៨នាក់ ជំងឺច្រមុះត្រចៀក បំពង់ក ចំនួន៣៥២នាក់ ជំងឺភ្នែកចំនួន៣០៦ ជំងឺសើរស្បែកនិងកាមរោគចំនួន៣៤៨នាក់ ជំងឺផ្លូវចិត្តចំនួន៧៩នាក់ ជំងឺកុមារចំនួន៤០៨នាក់ ជំងឺវះកាត់ និងរោគសន្លាក់ចំនួន ២៣០នាក់ក្នុងនោះបានវះកាត់ចំនួន១៧នាក់ ជំងឺមាត់ធ្មេញ២៩៩នាក់ ពិនិត្យអេកូសាស្ត្រចំនួន២៥០នាក់ រោគស្ត្រី និងពិនិត្យ ផ្ទៃពោះចំនួន៤៤០នាក់ ផ្នែកមន្ទីរពិសោធន៏ចំនួន១៦២នាក់ ជំងឺតម្រងនោមចំនួន២៧៧នាក់ អប់រំសុខភាពសាធារណៈចំនួន៥០០នាក់ ពិនិត្យបឋមនិងវាស់សម្ពាធឈាម ចំនួនចំនួន១,០៣៨នាក់ និងបានបញ្ជូនទៅមន្ទីរពេទ្យចំនួន០១នាក់។
លោក សោម អូន បានបញ្ជាក់ថា យោងតាមស្មារតីអនុសារណៈយោគយល់គ្នា ជាមួយសម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា ក្នុងនាមសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា និងកម្មករនិយោជិត លោកនឹងខិតខំរៀបចំការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនកម្មករ ក៏ដូចប្រជាពលរដ្ឋនៅតាមតំបន់ ផ្សេងៗទៀត ដើម្បីជួយធ្វើឲ្យសុខមាលភាពកម្មករ និងប្រជាពលរដ្ឋអោយបានប្រសើរឡើង។ ពីព្រោះបញ្ហាសុខភាពគឺជា អទិភាពទី១ សម្រាប់មនុស្សគ្រប់ៗរូប ។
លោក សោម អូន ក៏បានលើកឡើងពីសមិទ្ឋផលសំខាន់ៗដែលកម្មករនិយោជិតកំពុងតែទទួលបានពីការយកចិត្តទុកដាក់រាជរដ្ឋាភិបាល នៅក្នុងពេលវច្ចុប្បន្ននេះមានដូចជា៖ ការតម្លើងប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៅក្នុងវិស័យវាយណភ័ណ្ឌកាត់ដេរសំលៀកបំពាក់ និងស្បែកជើងចំនួន១៥៣ដុល្លាអាមេរិក សម្រាប់ឆ្នាំ២០១៧ដោយគិតជាមធ្យមកម្មករនិយោជិតទទួលបានចាប់ពី ១៧៨ដុល្លា ដល់ ២៥០ក្នុងមួយខែ បង្កើតបាននូវយន្តការ ពេលវេលា និងរូបមន្តច្បាស់លាស់សម្រាប់ការសិក្សា និងចរចាប្រាក់ឈ្នួលប្រកបដោយភាពស្មោះត្រង់ និងសុខនីយកម្ម ការចំណាយដ៏ច្រើនទៅលើការតបណ្តាញអគ្គិសនីថ្មីនៅតាមផ្ទះជួលក្នុងរាជធានីភ្នំេពញរបស់កម្មករនិងបញ្ចុះតម្លៃប្រើប្រាស់ត្រឹម ៦១០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងចំពោះបងប្អូនកម្មករប្រើអស់ក្រោម ៣០គីឡូវ៉ាត់ម៉ោងក្នុងមួយខែ ដែលពីមុនម្ចាស់ផ្ទះជួលបានកំណត់ចំនួន១៥០០រៀល ទៅ ២៥០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង មានច្បាប់គ្រប់គ្រងតម្លៃផ្ទះជួល ការអនុវត្តហានិភ័យការងារ និង ការថែទាំសុខមាលភាព ។ល។
លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ព័ន្ឋគ្រូពេទ្យសហភាពសហព័ន្ឋយុវជនកម្ពុជា ដែលផ្តួចផ្តើមបង្កើតឡើងដោយលោក ហ៊ុន ម៉ានី ដែលបានយកចិត្តទុកដាក់ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់បងប្អូនកម្មករ និងប្រជាពលរដ្ឋ ជាពិសេសបានចុះទៅពិនិត្យ ដោយផ្ទាល់ដល់ទីកន្លែងរស់នៅ របស់ប្រជាពលរដ្ឋនិងកម្មករ សូមថ្លែងអំណរគុណដល់អាជ្ញាធរខ័ណ្ឌ ពោធិ៏សែនជ័យ ដែលបានសហការយ៉ាងល្អក្នុងការរៀបចំកម្មវិធីនេះឡើង និងបានប្រព្រតិត្តទៅដោយរលូន។
លោក ហេង សុខគង់ បានមានឲ្យដឹងថានេះជាលើកទី២៦ ហើយដែលសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាបានចុះពិនិត្យ និងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃ លើ១៣រាជធានី ខេត្ត។ លោកបានបញ្ជាក់បន្ថែមថា សម្ព័ន្ធគ្រូពេទ្យសសយក ជានិច្ចកាលតែងចូលរួមចំណែកជាមួរាជរដ្ឋាភិបាលក្នុងការថែទាំ និងយកចិត្តទុកដាក់ពីសុខុមាលភាពប្រជាពលរដ្ឋ ជាមន្ទីរពេទ្យដល់ផ្ទះប្រជាពលរដ្ឋដោយមិនរើសអើងពណ៌សម្បុរ ឬជំនឿសាសនាអ្វីឡើយ ។
លោក ឃួង ស្រេង បានប្រសាសន៏បញ្ជាក់ថា ការពិនិត្យជំងឺពីសំណាក់សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានចុះពិនិត្យព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃដែលជាសកម្មភាពមនុស្សធម៌ក្នុងការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។ រាជរដ្ឋាភិបាលបានលើកកំពស់ និង អភិវឌ្ឍន៏ វិស័យសុខាភិបាល ។
លោក ហ៊ុន ម៉ានី បានសួរសុខទុក្ខ និងផ្តាំផ្ញើរដល់ ពុក ម៉ែ ពូ មីង បងប្អូន ប្រុសស្រី ក្មួយៗ កុមារា កុមារី និង កម្មករ កម្មការិនី ទាំងអស់ត្រូវចេះថែរក្សាសុខភាព ព្រោះសុខភាពជាកត្តាចំបងរបស់យើងគ្រប់គ្នា។
ក្នុងឱកាសនោះលោកបានថ្លែងអំណគុណដល់សម្ព័ន្ឋគ្រូពេទ្យ សហភាពសហព័ន្ឋយុវជនកម្ពុជា ក្រុមគ្រូពេទ្យកូរ៉េ និង សភាសហភាពសម្ព័ន្ធសហជីពជាតិកម្ពុជាដែលបានរៀបចំឱ្យមានកម្មវិធីនៅថ្ងៃនេះ។ លោកបានបានថ្លែងថា សកម្មភាពមនុស្សធម៌បានឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវអត្ថន័យនៃពាក្យថា «ខ្មែរជួយខ្មែរ»។ កម្មវិធីថ្ងៃនេះ គឺជាសកម្មភាពមនុស្សធម៌ និងការចូលរួម មួយដ៏សំខាន់របស់យុវជនកម្ពុជា ក្នុងការសហការបំពេញកាតព្វកិច្ច និងភារកិច្ចរបស់ខ្លួន ក្នុងនាមជាយុវជនខ្មែរដែលមានទឹកចិត្តស្រលាញ់ខ្មែរដូចគ្នា។ លោកក៏បានបញ្ជាក់ផងដែរថា សម្ព័ន្ឋក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកដល់ពេលនេះ បានចុះផ្តល់សេវាពិនិត្យនិងព្យាបាលជំងឺបានចំនួន២៦លើកនៅក្នុង ១៣ រាជធានី ខេត្តនិងបានព្យាបាលជម្ងឺជូនប្រជាពលរដ្ឋចំនួនជាង ៣៥០០០នាក់៕