(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០១៧ នឹងបើកការប្រកួតផ្លូវការ នៅថ្ងៃទី១៨ ខែកុម្ភៈខាងមុខនេះហើយ និងគ្រោងបញ្ចប់នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ ដោយមាន ១២ក្រុមចូលរួម។ នេះបើយោងតាមការប្រកាសក្នុងសន្និសីទសារព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) ស្ដីពីការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឬពាន Hun Sen Cup និងពានលីគកំពូលកម្ពុជា ឆ្នាំ២០១៧ នៅសណ្ឋាគារសុខា នាល្ងាចថ្ងៃទី២២ ខែមករានេះ។
គួរបញ្ជាក់ថា ការកើនសមាជិកដល់ ១២ក្រុមជាថ្មី ដើម្បីត្រៀមប្រជែងតំណែងជើងឯករដូវកាលថ្មីនេះ គឺបន្ទាប់ពីសហព័ន្ធអនុគ្រោះឲ្យ ២ក្រុមឈរបាតតារាងត្រូវកាត់ចោលពីរដូវកាលមុន រួមមានក្រុមស៊ីម៉ាក់ និងក្រុមអាស៊ីអឺរ៉ុប បានចូលរួមជាថ្មី បូករួមទាំងសមាជិកថ្មី ២ក្រុមទៀត ដែលទើបឡើងមកពីលីគលំដាប់ទី២ គឺក្រុមគិរីវង់សុខសែនជ័យ និងក្រុមអគ្គិសនីកម្ពុជា។ រីឯ ៨ក្រុមទៀត រួមមានក្រុមការពារជើងឯកបឹងកេតអង្គរ, ក្រសួងការពារជាតិ, ណាហ្គាវើល, ព្រះខ័នរាជស្វាយរៀង, Cambodian Tiger, ភ្នំពេញក្រោន និងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ។
ប៉ុន្ដែអ្វីដែលប្លែកឆ្នាំនេះ ជើងឯកលីគកំពូលកម្ពុជា នឹងមានកម្មវិធីប្រកួតវគ្គ Play-Off ឡើងវិញ ដោយយកលំនាំតាមលីគជប៉ុន ពោលគឺក្រុមសន្សំពិន្ទុបានខ្ពស់ជាងគេ នៅក្នុងការប្រកួតសន្សំពិន្ទុទាំង ២ជើង នឹងឈរចាំនៅវគ្គផ្ដាច់ព្រ័ត្រ។ ចំណែក្រុមឈរលេខ៣ និងលេខ៤ ត្រូវជួបគ្នាម្ដងទៀត ហើយក្រុមឈ្នះ នឹងត្រូវឡើងទៅជួបក្រុមឈរលេខ២ ដើម្បីប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រ។
ចាំមើលតើក្រុមណា នឹងក្លាយជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៧នេះ ខណៈក្រុមខ្លាំងបឹងកេតអង្គរ ដើរតួជាក្រុមការពារតំណែងជើងឯកនោះ?
ដោយឡែកការប្រកួតពានរង្វាន់ Hun Sen Cup រដូវកាលថ្មី គឺបានចាប់ផ្ដើមការប្រកួតតាំងពីថ្ងៃទី១៨ ខែមករាមកម្លេះ ដែលជាការប្រកួតដំណាក់កាលទី១ និងមាន ១៥ក្រុមចូលរួម ហើយបែងចែកជា ៦ពូល ។ សម្រាប់ក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗ ត្រូវឡើងទៅដំណាក់កាលទី២ ។ ប៉ុន្ដែឆ្នាំនេះសមាជិកលីគទី២ ចំនួន ១០ក្រុមចូលរួមផងដែរ ដោយឈរចាំនៅដំណាក់កាលទី៣ ខណៈសមាជិកលីគកំពូលកម្ពុជា ១០ក្រុមឈរចាំនៅដំណាក់ទី៤ និងបន្ដការប្រកួតវគ្គផ្ដាច់ព្រ័ត្រតែម្ដង ។
ប៉ុន្ដែដើម្បីគ្រប់គ្រងការប្រកួតទាំង ២ព្រឹត្តិការណ៍ឲ្យបានកាន់តែល្អប្រសើរ លោក ឆាំង ពិសិដ្ឋ មន្ដ្រីសហព័ន្ធបានបញ្ជាក់ក្នុងសន្និសីទខាងលើថា ឆ្នាំនេះសហព័ន្ធបានបង្កើតគណៈកម្មការមួយ សម្រាប់ត្រួតពិនិត្យ គឺគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) ដែលតែងតាំងលោក ឌី វិជ្ជា ជាប្រធានគណៈកម្មការនាយក និងរូបលោកផ្ទាល់ ជាលេខាប្រតិបត្តិ បូករួមទាំងសមាជិកមកពីក្លឹបនៃលីគកំពូលកម្ពុជាទាំង ១២ក្រុមជាសមាជិកទៀតផង ៕