(ប៉ៃលិន)៖ កម្លាំងអាវុធហត្ថខេត្តប៉ៃលិន បានធ្វើការស្រាវជ្រាវ រហូតឈានទៅដល់ការចាប់ខ្លួនជនជាតិថៃ៤នាក់ ដោយសារតែពួកគេបានបន្លំលេងល្បែង នៅក្នុងកាស៊ីណូ «សរាជ្យបូរី» ដោយឈ្នះលុយយ៉ាងច្រើន។ ការចាប់ខ្លួននេះបានធ្វើឡើង ដោយសារតែមានពាក្យបណ្តឹងរបស់ខាងកាស៊ីណូ ហើយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ត្រូវបានតុលាការខេត្តប៉ៃលិន សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ។
មន្រ្តីអាវុធហត្ថខេត្តប៉ៃលិន បានប្រាប់អង្គភាព Fresh News នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧នេះថា «ក្រោយពីបានទទួលពាក្យបណ្ដឹង ពីបទរំលោភលើទំនុកចិត្ត ពីឈ្មោះ សុខ សារឿន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរតំណាងក្រុមហ៊ុន «សរាជ្យបូរី» ដែលមានទីតាំងនៅផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ប្ដឹងឲ្យចាប់ខ្លួនជនល្មើសទាំងនេះរួចមក កម្លាំងអាវុធហត្ថបានធ្វើការស្រាវជ្រាវ ហើយក៏ឈានទៅដល់ការចាប់ខ្លួនពួកនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧រួចក៏បញ្ជូនបន្តទៅកាន់តុលាការ។
ជនជាតិថៃទាំង៤នាក់នេះរួមមាន៖
១- ឈ្មោះ វ៉ាន់ ឆៃណុងសារ៉ាត់ អាយុ៥១ឆ្នាំ មុខរបរលក់ដូរ
២- ឈ្មោះ សាក់ ហាក់ផុនប៊ូលឿង អាយុ៥៣ឆ្នាំ មុខរបរបើកបរ
៣-ស៊ុន ថនស៊ីនប្រាក់ផុន អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន «សរាជ្យបុរី»
និង៤-ឈ្មោះ ចាក ក្លាថាភុង អាយុ៤៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន «សរាជ្យបូរី»។
ជនជាតិថៃទាំង៤នាក់នេះ ត្រូវបានចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត (ស៊ីល្បែងបោះគ្រាប់ឃ្លីពីក្រុមហ៊ុនតាំងពីថ្ងៃទី១ ខែមករា រហូតដល់ទី១៩ ខែមករា ឆ្នាំ២០១៧ បាត់ប្រាក់អស់ចំនួន ៤៩៩០០០បាត)។ ក្រោយពីទទួលពាក្យរួចសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់ និងវត្តុតាង កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង សេង គីមឡាក់។
តាមការអះអាងរបស់សមត្ថកិច្ច «ក្រុមនេះជាមុខសញ្ញា ដើររលេងល្បែងបន្លំដោយមានបក្ខពួកគេ២នាក់ ជានាក់មើលការខុសត្រូវ ក្នុងតុល្បែង២នាក់ទៀត ជានាក់ចាក់ឈ្នះរាប់លាន។ តែម្ដងនេះបែកការណ៍ក៏ត្រូវខាងក្រុមហ៊ុនតាមដានទាន់ប្ដឹងសមត្ថកិច្ចក្របួចបានទាំង៤នាក់តែម្ដង៕