(ក្រចេះ)៖ ប្រជាពលរដ្ឋនៅឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ ជិត១០០នាក់ បានលើកគ្នាទៅរំដោះយកគោយន្តកន្រ្តៃយ៍ ដែលពួកគាត់ហៅថា «តេឡេថង» នៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧នេះ បន្ទាប់ពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយរដ្ឋបាលព្រៃឈើ សង្កាត់រសួល បង្ក្រាបនិងចាប់ឃាត់ទុកកាលយប់ពីថ្ងៃទី១៩ ខែមករា។
មន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀងបានឲ្យដឹងថា «គោយន្តកន្រ្តៃយ៍ចំនួន៣គ្រឿង បានដឹកឈើប្រណិតប្រភេទធ្នង់ ហើយត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ចាប់យកទៅផ្ញើ នៅសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង កាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្រាប់តែនៅព្រឹកនេះ មានប្រជាពលរដ្ឋជិត១០០នាក់ ជិះម៉ូតូមកឈប់នៅមុខសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង ហើយនាំគ្នាចូលទៅក្នុងសង្កាត់ រុញរថយន្ដម៉ាកតាកូម៉ា ចេញ ហើយរំដោះយកតេឡេថងទៅវិញដោយសុវត្ថិភាព»។
លោក សេង ស៊ីចាន់ដារុន នាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង បានឲ្យដឹងថា ករណីដែលពលរដ្ឋបានទៅរំដោះវត្ថុតាង ដោយមិនគោរពច្បាប់ទំលាប់នោះ លោកកំពុងកសាងសុំរឿងបញ្ជូនទៅថ្នាក់លើរបស់លោកជាអ្នកសំរេច។
សូមបញ្ជាក់ថា សំរាប់ខេត្តក្រចេះករណីប្រជាពលរដ្ឋ ទៅរំដោះវត្ថុតាង ក្រោយពីសមត្ថកិច្ចបង្ក្រាបបាន មិនមែនជាលើកទី១ទេ ពោលកាលពីពាក់កណ្ដាលឆ្នាំ២០១៦ ក៏មានករណីប្រជាពលរដ្ឋដែលរកស៊ីដឹកឈើល្មើសច្បាប់ ធ្លាប់បានទៅរំដោះរថយន្ដ នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះរួចម្ដងមកហើយ៕