(កណ្ដាល)៖ ថ្នាក់ដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ (CNRP) ចំនួន២៦នាក់ រស់នៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលធ្លាប់តែសកម្ម និងគាំទ្រដាច់ក្បាលជាមួយគណបក្សសង្គ្រោះជាតិនោះ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧នេះ បានប្រកាសផ្ដាច់ខ្លួនពី CNRP និងងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជា (CPP) វិញជាផ្លូវការ ដោយសារអស់ជំនឿទុកចិត្ត នឹងទង្វើរបស់គណបក្សសង្គ្រោះជាតិ ព្រមទាំងសន្យានឹងបោះឆ្នោតគាំទ្រ CPPវិញផងដែរ។
ការបញ្ជាក់ពីក្ដីឈឺចាប់ និងភាពអស់ជំនឿចិត្តបែបនេះត្រូវបានធ្វើឡើងក្នុងឱកាស ចុះជួបជាមួយប្រជាពលរដ្ឋ និងសកម្មជនបក្សក្នុងមូលដ្ឋានឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ក្រោមអធិបតីភាព លោក ម៉ក់ ពេជ្ជរិទ្ធ អនុប្រធានទី១គណៈពង្រឹងស្រុកកៀនស្វាយ ចុះជួយឃុំដីឥដ្ឋ ជាមួយអ្នកចូលរួមជាង១,០០០នាក់។
សកម្មជនដំបូងបានលើកឡើងថា គាត់ធ្លាប់ជាអតីតសមាជិកគណបក្សសង្គ្រោះជាតិ បានចូលរួមគាំទ្រ និងឃោសនាជូនគណបក្សសង្គ្រោះជាតិ ជាច្រើនរាប់មិនអស់ តែក្រោយមកថ្នាក់ដឹកនាំគណបក្សនេះ បែរជាធ្វើឲ្យគាត់មានការមិនពេញចិត្តជាបន្តបន្ទាប់ មិនយកចិត្តទុកដាក់ជាមួយគាត់ ដែលធ្លាប់តែបូជាកម្លាំងកាយ-ចិត្ត ចូលរួមជាមួយពួកអ្នកទាំងនោះ។ ដោយក្ដីឈឺចាប់បែបនេះហើយ ទើបគាត់បានសម្រេចចិត្ត ងាកមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាវិញ។
សកម្មជនម្នាក់ទៀត បានលើកឡើងដែរថា តាំងពីបង្កើតគណបក្សសង្គ្រោះជាតិមក គាត់យល់ថា ការដឹកនាំរបស់គណបក្សនេះ មិនឃើញមានការរីកចម្រើនណាមួយសោះ ពោលគឺអត់ទៅមុខ រឿងផ្ទៃក្នុងក៏មានការបែកបាក់សាមគ្គីគ្នាទៀត តាំងពីលើដល់ក្រោម តែចំពោះខាងគណបក្សប្រជាជនកម្ពុជាវិញ គាត់មើលឃើញថា ថ្នាក់ដឹកនាំ និងសមាជិកនៅថ្នាក់ក្រោមៗ មានការរាប់អានស្រឡាញ់ចូលចិត្តប្រជាពលរដ្ឋ តួយ៉ាងដូចរូបគាត់ផ្ទាល់ ទោះសមាជិកគណបក្សប្រជាជនទាំងនោះ ដឹងថា គាត់ជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិក្ដី តែពួកគាត់នៅតែរាប់អានគាត់ ក្នុងនាមឈាមខ្មែរតែមួយ។ ទឹកចិត្តទាំងនេះហើយ ទើបធ្វើឲ្យគាត់សម្រេចចិត្តចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។
សកម្មជនទី៣ក៏បានលើកសរសើរថា គាត់បានមើលឃើញពីការគ្រប់គ្រង ប្រកបដោយការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ផ្ទុយទៅវិញចំពោះគណបក្សសង្គ្រោះជាតិវិញ គឺគ្មានបានលទ្ធផលការងារជាដុំកំភួនណាមួយឡើយ ដោយសារភាពខុសគ្នាដាច់ស្រឡះពីគ្នាបែបនេះហើយ ទោះគាត់សម្រេចចិត្តឈប់គាំទ្រគណបក្សសង្គ្រោះជាតិ ងាកមកគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាវិញ។ ហើយការស្រឡាញ់ពេញចិត្តនេះ គ្មានការបង្ខិតបង្ខំពីនរណាម្នាក់ឡើយ។
អតីតសមាជិកគណបក្សសង្គ្រោះជាតិម្នាក់ទៀត បានបញ្ជាក់ថា លោកជាសកម្មជនគណបក្សសមរង្ស៊ី ក្រោយមកបានចូលជាមួយគណបក្សសង្គ្រោះជាតិទៀត តែគណបក្សសន្យាខ្យល់ទាំងនោះ គ្មានសមត្ថភាពក្នុងការដឹកនាំមូលដ្ឋានបានល្អឡើយ រាល់សមាសភាពរបស់គណបក្សសង្គ្រោះជាតិ សុទ្ធតែខ្វះនូវឧត្តមគតិ ធ្វើការគ្មានភាពស្មោះត្រង់ គិតតែពីប្រយោជន៍របស់ខ្លួន គ្មានភាពសាមគ្គី ខុសពីអ្វីដែលមេបក្សនេះ បានសន្យាជារឿយៗនោះ។
ជាការលើកទឹកចិត្តលោក ម៉ក់ ពេជ្ជរិទ្ធ បានថ្លែងកោតសរសើរនូវភាពវៃឆ្លាត និងការថ្លឹងថ្លែងរបស់ប្រជាពលរដ្ឋ និងសកម្មជនទាំងនោះ ចំពោះការដឹកនាំរបស់គណបក្សល្អរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានសម្រេចចិត្តជ្រើសរើសគណបក្សដ៏ល្អ សម្រាប់ខ្លួន និងជាតិទាំងមូល និងសូមឲ្យប្រជាពលរដ្ឋបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីនាំនាវាកម្ពុជាទៅរកភាពរីកចម្រើន បន្តទៅមុខទៀត៕