(បាត់ដំបង)៖ នៅសាកលវិទ្យាល័យអន្តរជាតិសាខាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧នេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលរងនៃគណៈអភិបាល ខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីនៅក្នុងពិធីជួបសំណេះសំណាល ជាមួយលោកសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា ប្អូនៗនិស្សិត មន្ត្រីរាជការជុំវិញមន្ទីរខេត្តបាត់ដំបង និងភ្ញៀវជនជាតិចិន ។
ថ្លែងទៅកាន់អង្គពិធី លោកបណ្ឌិត ជា មុនីឫទ្ធិ នាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាបានគូសបញ្ជាក់ ដោយសង្ខេបពីខ្លឹមសារសាវតារនិងដំណើរវិវត្តន៍នៃពិធីចូលឆ្នាំចិន ដោយបានភ្ជាប់នូវសៀវភៅដែលមានចំណងជើងថា ទំនៀមទម្លាប់ប្រពៃណីជនជាតិចិន ដែលបានបោះពុម្ពផ្សាយដោយវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជាកាលពីឆ្នាំ២០១១ កន្លងមកចែកជូនដល់អង្គពិធីផងដែរ ។
ជាមួយនឹងមោទនភាពក្នុងកិច្ចសហការជាមួយវិទ្យាស្ថានខុងជឺ លោក សាំង សែន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យអន្តរជាតិ បានសាទរដល់វឌ្ឍនភាពនៃថ្នាក់រៀនភាសាចិនរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាប្រចាំនៅក្នុងខេត្តបាត់ដំបង ដែលត្រូវបានដាក់សម្ពោធឱ្យដំណើរការ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ ក្រោមអធិបតីភាពរបស់ លោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា ជាមួយនិងលោក ឈិន មានអឺ លេខាបក្សកុមុយនីស្តចិនប្រចាំខេត្តគួយចូវ ។ កំណើនសិក្ខាកាមបានកើនដល់រាប់រយនាក់ដែលកំពុងសិក្សានៅក្នុងសាកលវិទ្យាល័យអន្តរជាតិ គឺជាសក្ខីភាពនៃកម្តៅភាសាចិននៅក្នុងខេត្តបាត់ដំបង។
លោកបណ្ឌិត ជាម ច័ន្ទសោភណ្ឌ បានថ្លែងនូវការកោតសរសើរចំពោះភាពគ្រប់គ្រងប្រសិទ្ធភាពរបស់លោកបណ្ឌិត ជា មុនីឫទ្ធិ ក្នុងការកាច់ចង្កូតវិទ្យាស្ថានខុងជឺ ទទួលបានជោគជ័យក្នុងប្រទេសកម្ពុជា។ លោកក៏បានថ្លែងអំណរគុណដល់វិទ្យាស្ថានខុងជឺ ដែលខិតខំតាមការស្នើសុំ របស់គណៈអភិបាលខេត្តបាត់ដំបង ក្នុងការផ្តល់អាហារូបករណ៍ ទៅបំពេញទស្សនកិច្ចនិងទៅបន្តការសិក្សានៅក្នុងប្រទេសចិនជូនដល់និស្សិតនៅក្នុងសាកលវិទ្យាល័យអន្តរជាតិ ។ លើសពីនេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានកោតសរសើរចំពោះ ទេពកោសល្យនិយាយភាសាចិន ការសម្តែងសិល្បៈចិនរបស់សិក្ខាកាមភាសាចិនដែលបានទទួលការបណ្តុះបណ្តាលនៅក្នុងសាកលវិទ្យាល័យអន្តរជាតិខេត្តបាត់ដំបង។
មុននឹងបិទបញ្ចប់កម្មវិធី លោកអភិបាលរងក៏បានថ្លែងគាំទ្រដល់ទស្សនៈសំខាន់បីយ៉ាងរបស់វិទ្យាស្ថានខុងជឺ ដែលមានអះអាងថា ពិធីចូលឆ្នាំចិនបានបង្កប់នូវអត្ថន័យចំនួន៣គឺ ការជួបជុំគ្រួសារ វប្បធម៌ដឹងគុណ និងវប្បធម៌ចែករំលែកផងដែរ។
គួរបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយ ដែលគណៈអភិបាលខេត្តបាត់ដំបង បានចូលរួមនៅក្នុងសកម្មភាពវប្បធម៌ចិន នាសាកលវិទ្យាល័យអន្តរជាតិខេត្តបាត់ដំបង ដែលរៀបចំឡើងដោយវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយលើកទី១បានរៀបចំនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីទំនាក់ទំនងកម្ពុជា-ចិន តាមបណ្តោយវិថីសូត្រសតវត្សរ៍ទី២១ ក្រោមអធិបតីភាពរបស់លោក ច័ន្ទ សុផល។
ក្រោយបានស្តាប់របាយការណ៏នៃការរីកចម្រើនរបស់សាកលវិទ្យាល័យរួចមក លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានលើកឡើងពីរីកចម្រើនឥតឈប់ឈររបស់រាជរដ្ឋាភិបាលដោយផ្តើមចេញពីរភាពជោគជ័យដ៏អសា្ចរ្យនៃគោលនយោបាយ ឈ្នះ ឈ្នះ ដែលផ្គួតផ្តើមគំនិតប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ទើបកម្ពុជាទទួលបានសន្តិភាពពេញលេញលើផ្ទៃប្រទេស ការបង្រួបបង្រួមជាតិ រយៈពេល៨ឆ្នាំ ក៏ដូចជាក្រោមការដឹកនាំដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជាផងដែរ។
ជាពិសេសទៅទៀត ការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ កំពុងនាំមកនូវលទ្ធផលជាផ្លែផ្កាដល់សង្គមជាតិទាំងមូល។ កម្មវិធីកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន កំពុងហុចលទ្ធផលជាបណ្តើរៗ ជាមួយនឹងការកើតឡើងព្រោងព្រាតនូវផ្លូវថ្នល់ ស្ពានថ្មីៗ ប្រព័ន្ធធារាសាស្ត្រ សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ស្រះទឹក អណ្តូងទឹក វត្តអារាម ប្រព័ន្ធអគ្គិសនី ។ល។ ចំណែកឯការអភិវឌ្ឍធនធានមនុស្ស និងវិស័យវប្បធម៌ សិល្បៈប្រពៃណី និងសាសនា ក៏បានបោះជំហានរីកលូតលាស់គួរឲ្យកត់សម្គាល់ផងដែរ ៕