(ភ្នំពេញ)៖ ក្រោយពេលបញ្ចប់សន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ រួចហើយនោះ ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវទិសដៅថ្មីចំនួន៧ចំណុច ដើម្បីយកមកអនុវត្តបន្ដក្នុងឆ្នាំ២០១៧ របស់ធនាគារជាតិ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជានាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦។
ទិសដៅការងារដែលត្រូវដាក់ចេញអនុវត្តបន្ដក្នុងឆ្នាំ២០១៧នេះរួមមាន៖ ១-ការលើកកម្ពស់ប្រសិទ្ធភាពគោលនយោលបាយ រូបិយវត្ថុ ២-ការងារត្រួតពិនិត្យ ៣-ការគ្រប់គ្រងចរាចរសាច់ប្រាក់ ៤-ការងារគ្រប់គ្រងប្រព័ន្ធទូទាត់ ៥-អភិបាលកិច្ច ៦-ការងារសមាគមមន្ដ្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា និង៧-ការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស ដែលការដាក់ចេញនូវទិសដៅការងារនេះដើម្បីអនុវត្តក្នុងវិស័យធនាគារ ឲ្យកាន់តែមានរីកចំម្រើនកាន់តែខ្លាំងឡើងៗ។
លោក ជា ចាន់តូ បានឲ្យដឹងថា «ខ្ញុំសូមគាំទ្រទិសដៅការងារដែលបានលើកឡើង។ ជាមួយគ្នានេះ ដែរខ្ញុំនឹងស្នើសូមអគ្គលេខាធិការដ្ឋាន៖
* បន្ដលើកកម្ពស់ការចែករំលែកបទពិសោធន៍តាមយន្ដការផ្ទៃក្នុង ដូចជា ការរៀបចំវគ្គគូលែនស្ដីពីភាពជាអ្នកដឹកនាំ វគ្គបាគងស្ដី ពីការត្រួតពិនិត្យធនាគារ និងការចែករំលែកចំណេះដឹង និងបទពិសោធន៍រវាងមន្ដ្រីបុគ្គលិកនៅក្នុងនាយដ្ឋាន និងអង្គភាព។
* អភិវឌ្ឍធនធានមនុស្ស តាមរយៈការសិក្សាអនឡាញ ដូចជា FSI Connect ស្ដីពីការត្រួតពិនិត្យធនាគារ របស់វិទ្យាស្ថានស្ថិរភាពហិរញ្ញវត្ថុនៃធនាគាសម្រាប់ទូទាត់ អន្ដរជាតិ ហើយថ្មីៗនេះ មូលនិធិរូបិយវត្ថុអន្ដរជាតិក៏ បានដាក់ឲ្យដំណើរការនូវវគ្គសិក្សាអនឡាញជាច្រើនទាក់ទងនឹងការវិភាគម៉ាក្រូសេដ្ឋកិច្ច ហិរញ្ញវត្ថុ គោលនយោបាយរូបិយវត្ថុ និងសារពើពន្ធ និងការគ្រប់គ្រងបំណុលជាដើម។
* រៀបចំ យន្ដការ និងក្របខ័ណ្ឌវាយតម្លៃលទ្ធផលការងាររបស់មន្រ្ដី-បុគ្គលិក ដើម្បីជាមូលដ្ឋានក្នុងការបែងចែកការងារ លើកទឹកចិត្តក៏ដូចជាអភិវឌ្ឍចំណេះដឹងបន្ថែមសំដៅធានាឲ្យបានគុណភាពនិងប្រសិទ្ធភាពការងារ»។
ជាមួយគ្នានេះផងដែរ លោកទេសាភិបាល បានផ្ដាំឲ្យគ្រប់សាខាធនាគារទាំងអស់ត្រូវមានបណ្ណាល័យសម្រាប់ទុកដាក់ឯកសារ ខិតខំបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពវិន័យ និងមានភាពស្មោះត្រង់ បន្ដរក្សានូវស្មារតី និងវប្បធម៍សាមគ្គីផ្ទៃក្នុងឲ្យបានខ្ជាប់ខ្ជួន និងរឹងមាំ បន្ដសិក្សាស្រាវជ្រាវ និងបង្កើនចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីការវិត្តរីកចម្រើន នៃស្ថានភាព សេដ្ឋកិច្ច និងសង្គម ត្រូវយកស្មារតីនៃអង្គសន្និតបាតបន្ដផ្សព្វផ្សាយ នៅតាមនាយកដ្ឋាននិងអង្គភាពរៀងៗខ្លួន ដើម្បីអនុវត្តការងារឲ្យមានប្រសិទ្ធភាព និងសង្គតិភាពខ្ពស់ ចំពោះមន្រ្ដី-បុគ្គលិកនៅទីស្នាក់ការកណ្ដាល ត្រូវត្រៀមលក្ខណៈសម្រាប់ការរៀបចំ កសាងអគារស្នាក់ការកណ្ដាលថ្មីលើទីកន្លែងចាស់បច្ចុប្បន្ន នាចុងឆ្នាំ២០១៧នេះ៕