(ភ្នំពេញ)៖ ត្រឹមតែរយៈពេល៤ឆ្នាំ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចុះជួយពិនិត្យ និងព្យាលបាល ជំងឺជូនប្រជាពលរដ្ឋគ្រប់ខេត្ត-ក្រុងសរុបចំនួន១៧៣,៨២៦នាក់មកហើយ។
សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) នេះបង្កើតឡើងក្នុងគោលបំណង ចុះពិនិត្យ និងព្យាលបាលជំងឺផ្សេងៗជូន ប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមមូលដ្ឋាននានា ក្នុងគោលបំណងចូលរួមចំនែកជាមួយស្ថាប័នជាតិ ជាពិសេសក្រសួងសុខាភិបាល ដើម្បីផ្តល់សុខភាពសាធារណៈជូន បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងមិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។
លើសពីនេះ ដើម្បីចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រតាមរយៈសកម្មភាពផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋក្រីក្រដល់ទីកន្លែង ជាពិសេសតាមទីជនបទដាច់ស្រយាលនានា និងចូលរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យសុខាភិបាល ក៏ដូចជា ផ្ដល់ឱកាសដល់ប្អូនៗនិសិ្សត និងយុវជនស្ម័គ្រចិត្តដ៍ទៃទៀតឲ្យបានចូលរួមបម្រើការងារមនុស្សធម៌ដល់សង្គមជាតិផងដែរ។
លទ្ធផលក្នុងរយៈពេល៤ឆ្នាំនេះសមាគមបានចុះធ្វើសកម្មភាពពិនិត្យ និងព្យាបាលជំងឺផ្សេងៗជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅតាមបណ្តាខេត្តទូទាំងប្រទេសដោយសម្រេចបានលទ្ធផលគួរជាទីមោទនៈរួមមាន៖
* នៅឆ្នាំ២០១៣ TYDA បានចុះពិនិត្យនិងព្យាបាលជំងឺផ្សេងៗជូនប្រជាពលរដ្ឋបានចំនួន ៤១ គោលដៅ ស្មើនឹង ៦៦,៧៧៣នាក់
* នៅឆ្នាំ២០១៤ TYDA បានចុះពិនិត្យនិងព្យាបាលជំងឺផ្សេងៗជូនប្រជាពលរដ្ឋបានចំនួន ១៤ គោលដៅ ស្មើនឹង ២០,២៦៤នាក់
* នៅឆ្នាំ២០១៥ TYDA បានចុះពិនិត្យនិងព្យាបាលជំងឺផ្សេងៗជូនប្រជាពលរដ្ឋបានចំនួន ២៤ គោលដៅ ស្មើនឹង៣៦,៨៨៩នាក់
* នៅឆ្នាំ២០១៦ TYDA បានចុះពិនិត្យនិងព្យាបាលជំងឺផ្សេងៗជូនប្រជាពលរដ្ឋបានចំនួន ៤៨ គោលដៅ ស្មើនឹង៥១,០៥៨នាក់ សរុបទាំងអស់បានចំនួន១២៧គោលដៅស្មើនឹង១៧៣,៨២៦នាក់នៅទូទាំងប្រទេស។
លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោបានឲ្យដឹងថា ក្នុងបេសកកម្មមនុស្ស ធម៌កន្លងមកនេះសមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្ដេចតេជោបានធ្វើសកម្មភាពចល័តតាមរាជធានីខេត្ត- ក្រុង តាមបណ្ដាអង្គការ ឬមណ្ឌុលកុមារកំព្រា តាមបំបន់រោងចក្រនានា ដោយធ្វើការពិនិត្យព្យាបាលជូនកម្មករកម្មការនី និងការចល័តតាមសាលារៀន សមាគមក្រីក្រ និងតាមផ្ទះផងដែរ។
លោកបន្ដថា រហូតមកដល់ពេលនេះចាប់តាំងពីឆ្នាំ២០១២មក សមាគម គ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោបានព្យាលបាលជូនប្រជាពលរដ្ឋសរុបចំនួន ១៧៣,៨២៦នាក់ ដោយក្នុងនោះអ្នកជំងឺធ្ងន់ៗមានចំនួន ២,១៤២នាក់ ដែលត្រូវបាន សមាគម បញ្ជូនមកពិនិត្យ ព្យាបាល និងសង្គ្រោះបន្ទាន់នៅរាជធានីភ្នំពេញ ដែលរួមមានជំងឺ ពកក មហារីក បេះដូងរួមទាំងជំងឺជាច្រើនទៀត ក្រោមការឧត្ថម្ភដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈសប្បុរសជននានា។
ក្រៅពីសកម្មភាពចុះព្យាបាលប្រជាពលរដ្ឋ TYDA បានចុះធ្វើសកម្មភាពសង្គមនានាជាច្រើនរួមមាន ការចុះអប់រំសុខភាពតាមផ្ទះនៅក្នុងសហគម ការបញ្ជូនសមាជិករបស់ខ្លួនចូលរួមសិក្ខាសាលា ការបណ្តុះបណ្តាល ថ្នាក់ជាតិនិងអន្តរជាតិ។
សមាគមបានចូលរួមជាមួយជាមួយសកម្មភាពមនុស្សធម៌ក្នុងការចុះប្រគល់អណ្តូងទឹកស្អាតបានចំនួន ១៥២ អណ្តូង ជូនដល់ប្រជាពលរដ្ឋដែលជាអំណោយដ៍ថ្លៃថ្លារបស់ មហាឧបាសក ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក រួមទាំង ព្រឹទ្ធការសង្គមនានាដូចជាការតាំងពិពណ៌ផ្នែកសុខាភិបាល បុណ្យទន្លេ បុណ្យសមុទ្យ ការប្រកួតកីឡាកងយោពលខេមរភូមិន្ទ និងសកម្មមនុស្សធម៌និងសកម្មភាពសង្គម ផ្សេងៗជាច្រើនទៀត៕