ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល សហការជាមួយ ACU ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ប្រមាណ៦ពាន់នាក់ ដោយឥតគិតថ្លៃ នៅខណ្ឌទួលគោក
22-01-2017 15:31
(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យក្រសួងសុខាភិបាល បានសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ នៅព្រឹកថ្ងៃទី២២ ខែមករានេះ បានចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ប្រមាណ៦,០០០នាក់ ដោយឥតគិតថ្លៃ នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក ដែលមានការចូលរួម ដោយផ្ទាល់ពីរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងអភិបាលខណ្ឌ និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
មន្រ្តីក្រសួងសុខាភិបាល បានថ្លែងឲ្យដឹងថា ការផ្ដល់សេវាពិនិត្យ និងព្យាបាល ជូនដល់ប្រជាពលរដ្ឋនៅថ្ងៃនេះ ជាលើកទី១០ហើយ ដោយម្ដងៗ ប្រជាពលរដ្ឋយ៉ាងតិចណាស់ក៏ប្រមាណ៥,០០០នាក់ដែរ មកទទួលសេវាពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃទៅលើជំងឺទូទៅ, ជំងឺភ្នែក, ត្រចៀក, ច្រមុះ, បំពង់ក, ឆ្លុះអេកូ, រោគស្រី្ដ, ទឹកនោមផ្អែម,ជំងឺកុមារ និងជំងឺផ្សេងទៀត ដែលមានការចូលរួមពិនិត្យដោយគ្រូពេទ្យជំនាញ នៅតាមបណ្ដាមន្ទីរពេទ្យធំៗ ដូចជា មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត(រុស្ស៊ី), មន្ទីរពេទ្យព្រះកុសុមៈ មន្ទីរពេទ្យព្រះអង្គដួង និងមន្ទីរពេទ្យកុមារជាតិ។
ក្នុងឱកាសនោះ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានជំរុញឲ្យលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ត្រូវយកចិត្ដទុកដាក់ខ្ពស់ ដល់ប្រជាពលរដ្ឋឲ្យគ្រប់ពេលវេលា ហើយត្រូវឧស្សាហ៍មកពិនិត្យ និងព្យាបាលជំងឺដល់ប្រជាពលរដ្ឋ ទាំងនៅខណ្ឌនេះ និងតាមបណ្ដាខណ្ឌផ្សេងៗនៅរាជធានីភ្នំពេញនេះ ពិសេស គឺក្មេងៗ ដែលជាកុមារងាយឆ្លង ងាយឈឺបំផុត ហើយត្រូវផ្ដល់ថ្នាំព្រូន ជូនដល់ពួកគាត់ទាំងនោះផងដែរ៕