(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោកស្រី អាន ផល្លា ប្រធានសមាគនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ បានចុះសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋក្រីក្រដល់លំនៅដ្ឋានចំនួន២១៣គ្រួសារ ព្រមទាំងបាននាំយកនូវគ្រឿងឧបភោគបរិភោគជា អង្ករ ដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីមកចែកជូន ពួកគាត់ក្នុងការជួយសម្រាលនូវការខ្វះខាតផ្សេងៗតាមគ្រួសារនិមួយៗ នៅព្រឹកថ្ងៃអាទិត្យទី២២ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចប្រឡាយភ្លោះ ស្ថិតក្នុងក្រុម៥-ក្រុម៧ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នៅក្នុងពិធីនេះក៏មានការចូលរួមផងដែរ ពីនាយការិយាល័យហិរញ្ញវត្ថុ លោក ឡេង ច័ន្ទវិសិដ្ឋ លោក ហ៊ូ សាម៉ន ចៅសង្កាត់ស្វាយប៉ាក ព្រមទាំងមន្ត្រីក្រុមយុវជន ស.ស.យ.ក និងក្រុមយុវជន អ.ម.ត ជាច្រើននាក់ផងដែរ។
នាឱកាសចុះសាកសួរសុខទុក្ខនេះដែរ លោក ជា ពិសី បានថ្លែងថា អំណោយដែលក្រុមការងារ យើងបាននាំយកមកចែកជូនដល់បងប្អូនទាំងអស់នាពេលនេះ មានជាអង្ករក្នុង១គ្រួសារ ទទួលបាន១០គីឡូក្រាម ដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីជួយសម្រាល ការខ្វះខាតផ្សេងៗតាមគ្រួសារក្រីក្រនីមួយៗ។
លោកបន្តថា អំណោយទាំងនេះដែរ គឺសម្រាប់ចែកជូនចំពោះតែ ជនក្រីក្រលំបាក គ្មានទីពឹង និងជាជនចាស់ជរា អ្នកកើតជម្ងឺរ៉ាំរៃ ឫមា នផ្ទុកមេរោគអេដស៍ជាដើម ពីព្រោះកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន លោកតែងតែយកចិតទុក្ខដាក់ ក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទ ដើម្បីផ្ដាំផ្ញើសាកសួរសុខទុក្ខ ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់គ្នា ដោយមិនឲ្យមើលរំលងជាដាច់ខាត ព្រោះសុខ ទុក្ខរបស់ពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ។
លោក ជា ពិសី បានថ្លែងទៀតថា «ខ្ញុំមិនហ៊ានធ្វើ ជាមន្ត្រីជើង១០ទេ ពីព្រោះមន្ត្រីជើង១០បានន័យថា ជើងតុ៤ជើងកៅអី៤ និងជើងរបស់យើង២ទៀត វាស្មើនិង១០ គឺមន្ត្រីនោះមួយថ្ងៃៗ អង្គុយតែក្នុងប៉ារ៉ូ មិនមែនជាអ្នកបម្រើរាស្ត្រឡើយ ហើយសម្រាប់មន្ត្រីដែលបម្រើរាស្ត្រពិតប្រាកដ គឺត្រូវស្គាល់ ហើយត្រូវដឹងពីសុខទុក្ខ របស់ប្រជាពលរដ្ឋ និងនៅក្បែរប្រជាពលរដ្ឋជានិច្ចនោះគេហៅថា ជាមន្ត្រីជើង២ ដែលជាអនុសាស្ត្ររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។
លោកថា ទោះយ៉ាងណា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់កុំភ្លេចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ ត្រូវតែនាំគ្នាទៅបោះឆ្នោតឲ្យបាន គ្រប់ៗគ្នាផង ហើយកុំភ័យ កុំខ្លាច ហើយត្រូវបោះជ្រើសរើស អ្នកដែលយើងពេញចិត្ត មានទាំងការអភវឌ្ឍន៍ មានទាំងសុខសន្តិភាព ធ្វើឲ្យប្រទេស មានការរីកចម្រើនឥតឈប់ឈរ សូមពិនិត្យឲ្យបានច្បាស់ផង។
ជាមួយគ្នានោះដែរ លោកអភិបាលខណ្ឌឫស្សីកែវ និងលោក ហ៊ូ សាម៉ន ចៅសង្កាត់ស្វាយប៉ាក ក៏បានបញ្ជាក់ដូចៗគ្នាផងដែរថា ជាក់ស្ដែង ដូចជាដីប្រឡាយភ្លោះ ដែលបងប្អូនទាំងអស់គ្នា កំពុងរស់នៅស្នាក់អាស្រ័យបច្ចុប្បន្ននេះ គឺជាដីសាធារណៈរបស់រដ្ឋ។ ប៉ុន្តែដោយមានការស្នើសុំ តាមរយៈសាលាសង្កាត់រហូតមកដល់សាលាខណ្ឌ ដើម្បីធ្វើប័ណ្ឌកម្មសិទ្ធិ ដូច្នេះអាជ្ញាធរយើង បាននិងកំពុងខិតខំប្រឹងប្រែង ក្នុងការដោះ ស្រាយរាល់ទុក្ខកង្វល់ទាំងនេះជូនបងប្អូនទាំងអស់ផងដែរ។
ដោយឡែក លោកស្រី អាន ផល្លា បានថ្លែងថា បញ្ហាកង្វល់មួយទៀត ចាំបាច់ត្រូវទាមទារឲ្យមានការសហការ ពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ គឺបញ្ហាសំរាម ឫកាកសំណល់ផ្សេងៗ ដែលរាយប៉ាយតាមដងផ្លូវ ធ្វើឲ្យប៉ះពាល់ដល់សុខភាព និងបាត់បង់សោភ័ណ្ឌភាព រាជធានីភ្នំពេញ។
លោកស្រី អាន ផល្លា បានថ្លែងបន្តថា «ដើម្បីរួមចំណែកលើកកម្ពស់ ទីក្រុងស្អាត មានអនាម័យល្អ ខ្យល់អាកាសបរិសុទ្ធល្អ សូមបងប្អូន ធ្វើយ៉ាងណា រាល់សម្រាម ឫកាកសំណល់ មេត្តាជួយវេចខ្ចប់ និងទុកដាក់ឲ្យបានត្រឹមត្រូវ ដើម្បីឲ្យរថយន្ដដឹកសំរាម របស់ក្រុមហ៊ុនស៊ុនទ្រីមកដឹកផងដែរ»៕