(ភ្នំពេញ)៖ លោកស្រី អ៊ុក ដារ៉ា ដែលគេស្គាល់ថា ជាមន្រ្តីរាជការយូរឆ្នាំម្នាក់ បានចេញមកច្រានចោលទាំងស្រុង ចំពោះការបង្ខូចកេរ្តិ៍ និងនិយាយបំភ្លើសការពិតពីសំណាក់ស្រ្តីម្នាក់តាមបណ្តាញសង្គម Facebook ដោយចោទលោកស្រីថា បានជួសជុលផ្ទះ ហើយដាក់សម្ភារសំណង់នៅលើផ្លូវចេញចូល មិនអាចធ្វើដំណើរបាន ពីព្រោះផ្ទះរបស់លោកស្រីនៅពីមុខ ផ្ទះស្រ្តីរូបនោះ។
ជាមួយគ្នានេះ ស្រ្តីដែលមាន Account Facebook ឈ្មោះថា «Sam Phos Zuzu» រូបនេះ បានជេរប្រមាថលោកស្រីថា ជាស្រីជើងកាង ជាស្រីយួនទៀតផង។
នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧នេះ លោកស្រី អ៊ុក ដារ៉ា ដែលមានលំនៅដ្ឋាននៅតាមផ្លូវលេខ៥៥៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បានឲ្យឹងថា ផ្ទះរបស់លោកស្រី ពីមុនចាស់ទ្រុឌទ្រោម ដូច្នេះហើយគឺតម្រូវឲ្យរុះរើធ្វើថ្មី។ មុនដំណើរការសាងសង់ លោកស្រីបានសុំច្បាប់ត្រឹមត្រូវ ពីសាលាខណ្ឌ រហូតដល់សាលារាជធានីភ្នំពេញអស់ហើយដែរ។
លោកស្រីបានបញ្ជាក់ថា «មុនដាក់សម្ភារសំណង់ ខ្ញុំក៏បានប្រាប់ដែរ ពីព្រោះផ្លូវច្រកចេញចូលទាំងអស់គ្នា ហើយអាចទៅមកបានធម្មតា បញ្ហា គឺគេមានចេតនា បង្ខូចកេរ្តិ៍ បរិហារ ជេរប្រមាថ តាមបណ្តាញសង្គមតែប៉ុណ្ណោះ»។
លោកស្រី អ៊ុក ដារ៉ា បានបញ្ជាក់ទៀតថា ក្នុងនាមលោកស្រីជាមន្រ្តីរាជការម្នាក់ផងនោះ លោកស្រីតែងតែធ្វើទៅតាមច្បាប់ ហើយចំពោះបញ្ហានេះ គឺផ្តើមចេញមកពីស្រី្តខាងលើចង់ចាប់បង្ខំឲ្យទិញផ្ទះរបស់ខ្លួន ដែលមានតម្លៃខ្លាំង ហួសពីទីផ្សាត ដែលលោកស្រីមិនអាចទិញបាន ហើយគ្រួសារនេះក៏មានប្រវត្តិមិនល្អផងដែរដោយមានកូន៤នាក់ ហើយមានម្នាក់ធ្លាប់ជាប់ពន្ធនាគារទៀតផង។
ជាមួយគ្នានេះ លោកស្រី អ៊ុក ដារ៉ា នឹងដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីរកយុត្តិធម៌ដែលស្រ្តីខាងបានបរិហារកេរ្តិ៍យ៉ាងដូច្នេះ៕