
អភិបាលរងខេត្ត ដឹកនាំមន្រ្តី ទៅទប់ស្កាត់សកម្មភាព ចូលទន្ទ្រានកាន់កាប់ខុសច្បាប់ លើដីរបស់រដ្ឋ ដែលអវិនិយោគឲ្យក្រុមហ៊ុនឯកជន៥០០ហិកតា នៅស្រុកត្បូងឃ្មុំ, ពលរដ្ឋណាគ្មានទីជំរក អាចស្នើសុំមកខេត្តដើម្បីផ្តល់ជូនដីសម្បទានសង្គមកិច្ច
22-01-2017 13:12
(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋជាច្រើននាក់ តាំងពី៣០០នាក់ រហូតដល់៥០០នាក់ ត្រូវគេរាយការណ៍ថា បានចូលទន្ទ្រានកាន់កាប់ដី ដោយខុសច្បាប់លើដី ដែលបានចុះបញ្ជីរបស់រដ្ឋ ហើយបានអវិនិយោគ (ប្រវាស់) ទៅឲ្យក្រុមហ៊ុនសុភក្ដិនីកា អ៊ិនវេសមេន គ្រុប.,ខូអិលធីឌី ចំនួន៥០០ហិកតា ក្នុងចំណុចភូមិសាស្ត្រភូមិទួលថ្មី ឃុំគរ ស្រុកត្បូងឃ្មុំ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម នាព្រឹកថ្ងៃអាទិត្យទី២២ ខែមករា ឆ្នាំ២០១៧នេះ លោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានដឹកនាំ ក្រុមការងារថ្នាក់ខេត្ត ស្រុក មន្ទីរ អង្គភាពជំនាញ អភិបាលស្រុក អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ (នគរបាល និងអាវុធហត្ថ) ចុះផ្សព្វផ្សាយ អប់រំ ណែនាំ និងធ្វើការទប់ស្កាត់ ពីប្រជាពលរដ្ឋដែលបានធ្វើសកម្មភាពល្មើសមួយនេះ។
លោក ហាក់ សុខមករា បានថ្លែងបញ្ជាក់ថា ដីនេះជាដីរបស់រដ្ឋ បានចុះបញ្ជីរបស់រដ្ឋ តែនៅឆ្នាំ២០០៩ រដ្ឋបានអវិនិយោគទៅឲ្យក្រុមហ៊ុនវិញដើម្បីឲ្យក្រុមហ៊ុមបង់ពន្ធជូនរដ្ឋវិញ។ ដោយសារតែកៅស៊ូមានការធ្លាក់ថ្លៃ ខាងក្រុមហ៊ុនក៏បានកាប់កៅស៊ូចោល ហើយដាំស្វាយចន្ទីវិញ ប៉ុន្តែមានប្រជាពលរដ្ឋ តាមរយៈមេខ្យល់បានអូសទាញមកកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិឯកជនទៅវិញ។
នៅក្នុងឱកាសនោះ អភិបាលរងខេត្ត បានប្រាប់ទៅប្រជាពលរដ្ឋឲ្យមានការយល់ដឹងនូវដីស្របច្បាប់របស់រដ្ឋ ហើយបានអវិនិយោគឲ្យទៅក្រុមហ៊ុនមានសិទ្ធិអាស្រ័យផល។
លោកបានប្រកាសប្រាប់ទៅប្រជាពលរដ្ឋទៀតថា «បើសិនប្រជាពលរដ្ឋណាក្រីក្រពិតប្រាកដ ចង់បានដីសម្រាប់តាំងលំនៅដ្ឋាននោះ សូមសរសេរលិខិតមកតាមស្រុក និងខេត្ត ដើម្បីថ្នាក់ដឹកនាំពិចារណា ហើយពិនិត្យផ្តល់ដីតាមរបៀបសម្បទានសង្គមកិច្ច នៅទីតាំងណាមួយសមស្រប មិនអាចនាំគ្នាមកកាប់ទន្ទ្រានបែបនេះបានទេ គឺខុសច្បាប់ទាំងស្រុង»។
ជាមួយគ្នានេះ លោកក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្រ្តីពាក់ព័ន្ធត្រូវតាមដានចំពោះបញ្ហានេះជាប្រចាំ កុំឲ្យកើតឡើងទៅថ្ងៃខាងមុខទៀត៕