(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋុមន្រ្តី ប្រធានក្រុមការងារចុះជួយស្រុកពញាក្រែក បានលើកឡើងថា ក្រុមការងារថ្នាក់កណ្តាល និងមន្រ្តីបក្សតាមមូលដ្ឋាន ត្រូវក្តាប់ឲ្យច្បាស់ពីចំនួនសមាជិកបក្ស ដើម្បីត្រៀមខ្លួនបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់ នាពេលខាងមុខនេះ។
ការថ្លែងបែបនេះខណៈដែលលោក អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងាររយៈពេល៥ឆ្នាំ ២០១២-២០១៧ របស់គណៈកម្មាធិការបក្សមូលដ្ឋានឃុំវាលម្លូរ និងទិសដៅអនុវត្តបន្ត ២០១៧-២០២២ និងពិធីបូកសរុបការងារ សន្និបាតរបស់គណៈកម្មាធិការបក្សឃុំ ទូទាំងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧។
លោក វង សូត បានបន្តថា គណបក្សប្រជាជនកម្ពុជា បានកសាងសមិទ្ធផល ជាច្រើននៅតាមូលដ្ឋានជាក់ស្តែង ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
លោកបានបន្ថែមឲ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការអនុវត្តន៍កម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ គឺសម្រេចបាន សមិទ្ធផលថ្មីៗ ជាច្រើនទៀត ជូនជាតិ និងប្រជាជន ជាពិសេសការពង្រីកសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានរក្សាយ៉ាងរឹងមាំ ធ្វើឲ្យប្រជាជនរស់នៅយ៉ាងសុខសាន្ត ព្រមទាំងធានានូវការអនុគ្រោះ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាតិផងដែរ។
លោក វង សូត បានលើកឡើងបន្តថា ទាក់ទិននឹងច្បាប់ បទបញ្ជានីតិវិធី និងក្រមសីធម៌សម្រាប់ ការបោះឆ្នោត គណបក្សប្រជាជនកម្ពុជា គោរពអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ ដោយបានចូលរួមយ៉ាងសកម្មជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អាជ្ញាធរមានសមត្ថកិច្ច គ្រប់គណបក្សនយោបាយ និងមជ្ឈដ្ឋានផ្សេងៗទៀត ក្នុងការពង្រីកបរិយាកាសនយោបាយឲ្យបានល្អប្រសើរ ប្រកបដោយលក្ខណៈអព្យាក្រិត និងប្រជាធិបតេយ្យ ដើម្បីធានាការបោះ ឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
បន្ថែមពីលើនេះ លោក វង សូត បានលើកឡើងទៀតថា ដើម្បីជម្រុញការអភិវឌ្ឍន៍ឃុំ-សង្កាត់ ឲ្យកាន់តែមានការរីកចម្រើន បន្ថែមទៀត ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គឺមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដូច្នេះទើបក្រុមការងាររៀបចំ ពិធីបោះឆ្នោតស្ទាបស្ទង់ជាមុន ដើម្បីពិនិត្យមើលប្រជាប្រិយភាពរបស់បេក្ខជនម្នាក់ៗ សំដៅធ្វើឲ្យការរៀបចំបញ្ជីបេក្ខជនតាមលំដាប់លេខរៀង ឲ្យមានប្រសិទ្ធក្នុងការប្រកួតប្រជែង។
លោក វង សូត បន្តថា ក្រោយពីអ្នកស្នេហាជាតិរបស់គណបក្សប្រជាជនកម្ពុជា បានប្រមូលផ្ដុំជាកម្លាំងមហាសាមគ្គីមួយ បង្កើតបានជារណសិរ្ស ២ ធ្នូ ១៩៧៨ ដើម្បីផ្ដួលរំលរបប ប៉ុល ពត យើងក៏ ទទួលបានជោគជ័យ ថ្ងៃ៧ ខែមករា ១៩៧៩ ក្នុងនោះកម្ពុជាបានអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញពីបាតដៃទទេ រហូត ប្រទេសយើងឈានឡើងជាប្រទេសមានអភិវឌ្ឍន៍ ដោយសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យម ៧.១% ក្នុងមួយឆ្នាំជាពិសេសការផ្តល់សុខសន្តិភាព ស្ថេរភាពពាសពេញផ្ទៃប្រទេសរហូតមកដល់សព្វថ្ងៃផងដែរ៕