(ឧត្តរមានជ័យ)៖ បុរសម្នាក់មានប្រពន្ធ និងកូន២នាក់ បានសម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនឯង ដោយចង-កនៅក្នុងផ្ទះ ដោយមិនបានដឹងអំពីមូលហេតុច្បាស់លាស់ និងមិនបានបង្សល់ទុកអ្វី សូម្បីពាក់បណ្តាំចុងក្រោយ។ ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលទាំងព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិថ្គូវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភាព វិត អាយុ៣២ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុ មានប្រពន្ធ ឈ្មោះ ងួន ណយ អាយុ៣៦ឆ្នាំ មានកូន២នាក់រស់នៅជាមួយគ្នា។
តាមការបំភ្លឺពីប្រពន្ធ ជនរងគ្រោះបានទៅជួយបំរើភ្ញៀវក្នុងកម្មវិធីការអ្នកជិតខាង រហូតដល់យប់ថ្ងៃទី២១ ខែមករា ម្សិលមិញ ទើបត្រលប់មកវិញតែខ្លួនមិនដឹងថាប្ដី ចង-កសម្លាប់ខ្លួនឯងឡើយ លុះពេលព្រឹកកើតហេតុ ទើបដឹងថាប្ដីបានចងកសម្លាប់ខ្លួនបាត់ទៅហើយ។
ក្រោយពីសមត្ថកិច្ចធ្វើកោលស្យវិច័យ បានសន្និដ្ឋានថា សពរងគ្រោះពិតជាបានធ្វើអត្តឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយគ្មានស្នាកស្នាមអ្វីពាក់ព័ន្ធករណីឃាតកម្មដែរ។ បច្ចុប្បន្ននេះ សមត្ថកិច្ចបានប្រគល់សាកសពជូនគ្រួសារសព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕