(កំពង់ធំ)៖ ដើម្បីចូលរួមជួយសង្គ្រោះកុមារកម្ពុជា ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ សហការជាមួយអង្គការសប្បុរសធម៌កម្ពុជាកុលបុត្រ បានបើកយុទ្ធនាការដង្ហែរជិះកង់ និងរថយន្តរៃអង្គាសប្រាក់ ព្រមទាំងលក់អាវយឺត នៅក្នុងខេត្តកំពង់ធំ ដើម្បីយកទៅប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដែលទីកន្លែងកុមារកម្ពុជាច្រើននាក់ បានទៅសម្រាក និងព្យាបាលជារៀងរាល់ថ្ងៃ។
ជាមួយគ្នានេះ អភិបាលខេត្តកំពង់ធំលោក សុខ លូ ក៏បានដឹកនាំមន្រ្តីរាជការចូលរួមបរិច្ចាគផងដែរ សម្រាប់យុទ្ធនាការសប្បុរសធម៌មួយនេះ។ លោក ជា វ៉ាន់ចាន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ ដែលបានដឹកនាំក្រុមយុវជនប្រមាណ២១៥នាក់ បានលើកឡើងថា «ក្បួនដង្ហែររៃអង្គាសថវិកានេះ ចាប់ផ្តើមចេញដំណើរពីសាលាគរុកោសល្យ និងវិក្រឹត្តិការ ហ៊ុន សែន កំពង់ធំ ទៅតាមសាលារៀនវិទ្យាល័យ បឋមសិក្សា ផ្សារ និងតាមដងផ្លូវជាតិ នៅក្នុងក្រុងស្ទឹងសែនទីរួមខេត្តកំពង់ធំ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧»។
លោកបានបន្តថា ការប្រារព្ធកម្មវិធីនេះទៅបានដោយដោយមានការឯកភាពពីរដ្ឋបាលខេត្តកំពង់ធំ ដោយចាត់ទុកថា ថវិកាសប្បុរសធម៌ ដែលប្រមូលបាននេះ គឺប្រគល់ជូនអង្កការសប្បុរសធម៌កម្ពុជាកុលបុត្រ ដើម្បីជាប្រយោជន៍ក្នុងការបណ្តុះបណ្តាលបំណិនជីវិត ការផ្គត់ផ្គង់កុមារកំព្រា កុមារទុរគត និងផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ទិញឱសថ និងសម្ភារប្រើប្រាស់ក្នុងមន្ទីរពេទ្យ។
នៅក្នុងឱកាសបរិច្ចាគថវិកានោះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានថ្លែងថា «ក្នុងនាមយើងខ្ញុំ ជាថ្នាក់ដឹកនាំខេត្ត ពិតជា មានភាពសោមនស្សរីករាយ ក្នុងសកម្មភាពនៃអំពើមនុស្សធម៌ ក្នុងន័យជួយជ្រោមជ្រែង ដល់ប្អូនៗ ដែលធ្វើការលះបង់ទាំងកម្លាំង កាយចិត្ត ក្នុងគោលដៅជាសារប្រយោជន៍រួម និងសកម្មភាពសង្គម។ ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ជាពិសេសបងប្អូន នៅក្នុងក្រុងស្ទឹងសែនទាំងអស់ ចូលរួមចូលថវិកា ដោយភាពពេញចិត្តពេញថ្លើម និងគាំទ្រចំពោះការងារមនុស្សធម៌នេះព្រោះបងប្អូន កូន ក្មួយ ក្រុមគ្រួសារ កុមារា កុមារី ដែលមានជម្ងឺត្រូវព្យាបាលបានជាសះស្បើយ និងរួចផុតពីសេចក្តីស្លាប់»។
លោកអភិបាលបានបន្តទៀតថា ដោយឈរលើស្មារតីមនុស្សធម៌ នៃការលះបង់របស់បងប្អូន ទោះបីតិចក្តី ច្រើនក្តី ពិតជាមានសារប្រយោជន៍ដែល អាចព្យាបាលកុមារពិតប្រាកដ សេចក្តីជ្រះថ្លារបស់បងប្អូន គឺជាកុលស ដែលស្មោះអស់ពីចិត្ត។
ជាមួយគ្នានេះ លោក សុខ លូ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស មិនថាតែខេត្តកំពង់ធំនោះទេ សូមឲ្យមានការគាំទ្រ និងលះបង់នូវធនធានរបស់ខ្លួនដើម្បីជាប្រយោជន៍ នៅក្នុងជួយសង្គ្រោះកុមារកម្ពុជា ឲ្យរួចផុតពីភាពអន្តរាយនេះ៕