(ពោធិ៍សាត់)៖ យុវជនម្នាក់តូចចិត្តឪពុកម្តាយស្តីបន្ទោស រឿងទៅរៀនចេះតែគេចមិនចូលសាលារហូត បានសម្រេចចិត្តបញ្ចប់ជីវិត ដោយចង-ក ជាមួយខ្សែគោជាប់នឹងធ្នឹមបន្ទប់ទឹកក្រោមផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ទឹកក្រោមផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិទួលម្កាក់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងថា បុរសដែលតូចចិត្តឪពុកម្តាយស្តីបន្ទោស រឿងទៅរៀនចេះតែគេចមិនចូលសាលារហូត មានឈ្មោះ លឹម សៀងលី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាសិស្សរៀនថ្នាក់ទី១០ មានឪពុកឈ្មោះ រ៉ែម ណាត អាយុ៤៨ឆ្នាំ មុខរបរជាគ្រូបង្រៀន មានម្តាយឈ្មោះ កៃ សុខ អាយុ៤៦ឆ្នាំ មុខរបរជាគ្រូបង្រៀន។
លោកអធិការបានបន្តថា «នៅរសៀលថ្ងៃទី២១ ជនរងគ្រោះបានមកដល់ផ្ទះ ពេលដាក់កាបូបចុះ ឪពុកម្តាយបានសួរថា ទើបតែមកពីណា យ៉ាងម៉េចបានមិនទៅរៀន រួចក៏ដើរចេញទៅបាត់»។ នេះបើតាមម្តាយជនរងគ្រោះបានឆ្លើយប្រាប់សមត្ថកិច្ចទាំងទឹកភ្នែក ពេលប្រទះឃើញកូនរបស់គាត់ចង-កសម្លាប់ខ្លួន។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យនៅនឹងកន្លែងកើតហេតុ រួចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតខ្លួនឯង ជាមួយខ្សែគោជាប់នឹងធ្នឹមបន្ទប់ទឹកក្រោមផ្ទះ ដោយសារតែឪពុកម្តាយស្តីបន្ទោសរឿងទៅរៀនចេះតែគេចសាលា ពិតប្រាកដមែន។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី៕