(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០១៧ បានដឹកនាំប្រតិភូខេត្តកំពង់ស្ពឺ ទៅបំពេញ ទស្សនកិច្ចនៅរដ្ឋ Texas សហរដ្ឋអាមេរិកជាច្រើនកន្លែង ដែលក្នុងឱកាសលោកអភិបាលខេត្ត និងប្រតិភូ បានអញ្ជើញទៅកន្លែង ផលិតនិងផ្គត់ផ្គង់ទឹកស្អាត ជំនួបពាណិជ្ជករ ការជួសជុលផ្លូវ ការពន្លត់អគ្គីភ័យ ការងារគ្រប់គ្រងអ្នកទោស ការងារចរាចរណ៍ ការគ្រប់គ្រងតំបន់ប្រត្តិបត្តិការ ការងារគ្រប់គ្រងគម្រោងរបស់រដ្ឋ ដែលសុទ្ធតែជាបទពិសោធន៌ សម្រាប់យកទៅប្រៀបធៀប និងការងារជាក់ស្តែងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ។
មន្ត្រីទាំងអស់ដែលអញ្ជើញមកទស្សនកិច្ចសិក្សានេះ បានសិក្សាទៅលើការគ្រប់គ្រងទីក្រុង ការធ្វើផែនការនៃការប្រើប្រាស់ដី សំណង់ ការគ្រប់គ្រងសំណល់រាវ រឹង ការគ្រប់គ្រងចិញ្ចើមផ្លូវ ការគ្រប់គ្រងអគ្គិសនី ការគ្រប់គ្រងទឹកស្អាត ទឹកកង្វក់ ជាពិសេសការគ្រប់គ្រង រដ្ឋបាលដែនដី ។
សូមបញ្ជាក់ថា លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំគណៈប្រតិភូមួយចំនួន តាមមន្ទីរផ្សេងក្នុងខេត្ត ទៅទស្សនកិច្ច ផ្លូវការ រយៈ១០ថ្ងៃ គិតចាប់ពីថ្ងៃចេញដំណើរកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧កន្លងទៅ ហើយបើតាមគំរោងគណៈប្រតិភូ និងវិលមកវិញក្នុងកំឡុងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ៕