Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពលរដ្ឋនៅខេត្តកណ្ដាល ត្អូញត្អែរពីការបង់ពន្ធអចលទ្រព្យ ថ្លៃតាមតែមាត់មន្រ្តី, ពលរដ្ឋស្នើដល់អគ្គនាយកពន្ធដារ មានដំណោះស្រាយ ខណៈប្រធានពន្ធដារខេត្តឆ្លើយថា «មិនអនុញ្ញាតឲ្យអ្នកយកព័ត៌មានជួបបំភ្លឺនោះទេ»

22-01-2017 10:53

(កណ្តាល)៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ជាច្រើនគ្រួសារ បានសំណូមពរដល់សាខាពន្ធដារ ខេត្តកណ្តាល ចាត់ឲ្យមន្រ្តីចុះតាមមូលដ្ឋាន ពន្យល់ប្រាប់ប្រជាពលរដ្ឋ និងបិទក្រដាស់ជូនដំណឹង នៅតាមស្នាក់ការភូមិ-ឃុំ ក្នុងការកំណត់សេវាបង់ពន្ធអចលទ្រព្យ និងចេញវិក្កយបត្រជូនពួកគាត់ ក្រោយបង់រួចឲ្យបានត្រឹមត្រូវ។

ប្រជាពលរដ្ឋបានត្អួញត្អែរថា «បច្ចុប្បន្ននេះ តម្លៃបង់ពន្ធ គឺពួកគាត់បង់ទៅតាមបបូរមាត់របស់មន្ត្រីពន្ធដារ ដោយគេគិតគុណឆ្នាំ នៃការទិញដី ហើយបើត្រូវការលក់វិញ គិតចុះគិតឡើងទាល់តែថែមលុយផ្ទះទៀត ទើបគ្រប់តម្លៃលើការបង់ពន្ធដីនោះដូច្នេះបើ យើងជួបប្រទះបញ្ហាខ្វះខាតនោះ គឺមិនហ៊ានលក់ដូរនោះទេ»

ក្នុងចំណោមពលរដ្ឋជាច្រើនគ្រួសារនោះ លោក ស៊ឹម ម៉ៅ ពលរដ្ឋម្នាក់រស់នៅក្នុងភូមិស្រែកណ្តោល ឃុំម្កាក់ ស្រុកអង្គស្នួល បានលើឡើងថា គាត់មានការងឿងឆ្ងល់ពីបញ្ហាលើសេវាបង់ពន្ធដី ដោយចង់ឲ្យពន្ធដារកំណត់តម្លៃបង់ពន្ធ ឲ្យបានច្បាស់លាស់តាម ប្រភេទដីភូមិ ឬដីស្រែ ហើយសូមឲ្យបិទក្រដាសជូនដំណឹង តាមបណ្តាស្នាក់ការភូមិ-ឃុំ ឲ្យប្រជាពលរដ្ឋបានដឹង និងសូមឲ្យពួកគាត់ មកបង់ពន្ធនេះ នៅត្រឹមស្រុកបានហើយ ពីព្រោះបច្ចុប្បន្ននេះ បង់រហូតដល់សាខាពន្ធដារក្រុងតាខ្មៅឯណោះ​ ធ្វើឲ្យពួកគាត់មាន ការលំបាក​ និងសុំឲ្យពន្លឿនការចុះវាស់វែង កុំចេះតែអូសបន្លាយ ពី១ខែទៅ១ខែនោះ។

លោក ឡេ សុខលី រស់នៅក្នុងភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល សំណូមពរឲ្យពន្ធដារពន្លឿនការងារ ចំពោះការបង់ពន្ធដី ពីព្រោះកាលពួកគាត់ ចុះហត្ថកេខាលក់ដូរត្រឹមភូមិឃុំ គឺ២ទៅ៣ថ្ងៃ លុះដល់រដ្ឋកំណត់ឲ្យមានការបង់ពន្ធជូនរដ្ឋនោះ ពួកគាត់ចំណាយ រយៈពេលចាប់ពី១ខែទៅ១ខែកន្លះ ចំណែឯថវិកាក៏ចំណាយច្រើនជាមុន ដោយចំណាយលើការវាស់វែង និងពន្ធប្រចាំឆ្នាំទៀត។

លោក ពៅ ភាព រស់នៅភូមិតាប្រាប់ ឃុំម្កាក់ បានលើកឡើងថា ចំពោះការបង់ពន្ធដីជូនរដ្ឋនោះ ពួកគាត់មិនជំទាស់អ្វីនោះទេ ប៉ុន្តែគ្រាន់តែចង់ដឹង និងសូមឲ្យពន្ធដារ កំណត់តម្លៃបង់ពន្ធឲ្យបានច្បាស់លាស  លើសេវាបង់ពន្ធដោយកំណត់ដីលំនៅដ្ឋាន បង់តម្លៃប៉ុន្មាន ឬដីស្រែត្រូវបង់ប៉ុន្មាន ដោយដីជាប់ផ្លូវមានតម្លៃប៉ុន្មាន កុំតាមតែបបូរមាត់មន្ត្រីពន្ធដាបូកតាមតែអំពើចិត្តដោយគ្មាន ចេញវិកយបត្រ ជូនប្រជាពលរដ្ឋនោះ។

លោក ឈិន ចិត្ត រស់នៅក្នុងភូមិត្រពាំងស្មាច់ ឃុំម្កាក់ បានទទួលព័ត៌មានថា ការបង់ពន្ធចំពោះដី ដែលពួកគាត់បានទិញមកយូរឆ្នាំ ហើយនោះ គឺខាងពន្ធដារមានការគុណឆ្នាំ ឲ្យបង់ចាប់តាំងពីឆ្នាំពួកគាត់ទិញមកម្ល៉េះ ប្រសិនបើបែបនេះមែនពួកគាត់មិនអាចទទួល យកបាននោះទេ ព្រោះការបង់ពន្ធវាលើស និងតម្លៃដីពួកគាត់ទៀត ដូច្នេះពួកគាត់នៅតែទទូចសុំឲ្យមានការកោះប្រជុំផ្សព្វផ្សាយ ឲ្យបានច្បាស់លាស់ដល់ប្រជាពលរដ្ឋ កុំឲ្យពួកគាត់នៅតែងឿងឆ្ងល់បែបនេះ។

ទាក់ទិន និងបញ្ហាសេវាពន្ធដានេះដែរ ប្រជាពលរដ្ឋរស់នៅក្នុងឃុំព្រែកហ្វួង ស្រុកខ្សាច់កណ្តាល បានលើកឡើងថា កាលពីមុនការ បង់ពន្ធ មិនមានការលំបាកនោះទេ ដោយមន្ត្រីចុះមកវាយតម្លៃ រួចហើយគេគិតត្រឹម៤ភាគរយ ទោះបីជាគាត់លក់បានប៉ុន្មានក៏ដោយ ប៉ុន្តែក្នុងរយៈពេលថ្មីនេះ បែរជាមន្ត្រីមិនវាយតម្លៃលើដីនោះទេ ដោយគិតតាមតម្លៃយក៤ភាគរយតែម្តង ហើយចំពោះការបង់ពន្ធនេះ គឺអត់ដែលឃើញមន្ត្រីពន្ធដារប្រកាស ឬជូនដំណឹងដល់អាជ្ញាធរមូលដ្ឋាន ឲ្យចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនោះទេ ឬបិទលិខិតជូន ដំណឹងឲ្យប្រជាពលរដ្ឋបានដឹងពីសេវាបង់ពន្ធអចលទ្រព្យ ដោយកំណត់ប្រភេទដីជាប់ផ្លូវ ឬមិនមានផ្លូវតម្លៃសេវាបង់ពន្ធប៉ុន្មាននោះ ព្រោះបច្ចុប្បន្នបង់តាមតែអ្នករត់ការថា ដោយអ្នកខ្លះយកប៉ុណ្ណេះ និងអ្នកខ្លះយកប៉ុណ្ណោះ មិនមានភាពច្បាស់លាស់នោះ។

ការងឿងឆ្ងល់លើសេវាបង់ពន្ធដីរបស់ប្រជាពលរដ្ឋក្នុងឃុំម្កាក់នេះ ភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្តាលលោក សេង ឡុង បានទំនាក់ទំនងតាមទូរស័ព្ទទៅកាន់លោក ទាវ សវឿន ប្រធានសាខាពន្ធដារខេត្តកណ្តាល ដើម្បីសុំការពន្យល់អំពីសេវាបង់ ពន្ធអចលទ្រព្យនោះ ប៉ុន្តែលោកគ្រាន់តែឆ្លើយយ៉ាងខ្លីថា លោកបានបំភ្លឺទៅថ្នាក់លើរួចរាល់អស់ហើយ លោកមិនអនុញ្ញាតឲ្យអ្នក យកព័ត៌មានជួបបំភ្លឺទៀតនោះទេ ព្រោះលោកជិតអស់សិទ្ធិហើយ (ចូលនិវត្តន៍)៕