(កំពត)៖ ព្រោះតែខឹងកូនរឿងដើរលេងច្រើន និយាយមិនស្តាប់ បានបង្ខំឲ្យបុរសជាឪពុកយកដំបង វាយកូនប្រុសខ្លួនឯងរហូតដល់ស្លាប់ យ៉ាងអាណោចអាធ័ម ស្ថិតនៅចំណុចផ្ទះជនល្មើសក្នុងភូមិត្រពាំងកំភ្លាញ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត។ យ៉ាងណាក៏ដោយ ជនបង្កជាឪពុក ត្រូវបានកម្លាំងនគរបាលចាប់វាយខ្នោះ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តទៀត។
មន្ត្រីនគរបាលជំនាញស្រុកអង្គរជ័យ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧នេះថា ជនសង្ស័យជា ឪពុកដែលវាយសម្លាប់កូនប្រុសខ្លួនឯងកាលពីល្ងាចមិញនេះមានឈ្មោះ ខៀវ កី អាយុ៤៦ឆ្នាំ។ ចំណែកជនរងគ្រោះជាកូន ឈ្មោះ លៀស ដារ៉ូ ភេទប្រុស អាយុ២២ឆ្នាំ។ ឪពុក និងកូនរស់នៅជាមួយគ្នា ក្នុងភូមិ-ឃុំ កើតហេតុខាងលើ។
ប្រជាពលរដ្ឋរស់នៅជិតខាងក្នុងភូមិ បានប្រាប់សមត្ថកិច្ចថា ឪពុកព្រោះតែខឹងកូននិយាយមិនស្តាប់ រឿងដើរលេងច្រើន ក៏ដាច់ចិត្តប្រើ អំពើហិង្សា វាយនឹងដំបងទៅលើកូនឯង ស្លាប់យ៉ាងអាណោចអាធ័មបែបនេះតែម្តងទៅ។
តាមសមត្ថកិច្ចនគរបាលជំនាញ ដែលបានចុះធ្វើកោសល្យវិច្ច័យ បានសន្និដ្ឋានបឋមថា ជនដៃដល់ជាឪពុក ពិតជាបានវាយកូននឹង ដំបង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យ បាននឹងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការចាត់ការ តាមផ្លូវច្បាប់៕