(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧នេះ ក្រុមសហជីព កម្មករមួយចំនួន បានប្រមូលផ្តុំគ្នានៅខាងមុខវត្តលង្ការ ដែលជាទីតម្កល់រូបសំណាក លោក ជា វិជ្ជា ដើម្បីគោរពដល់វិញ្ញាណក្ខន្ធរបស់លោក។
លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មកររកម្ពុជា ត្រូវបានឃាតកបាញ់សម្លាប់នៅតូបលក់កាសែត ជិតវត្តលង្កា រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០០៤។ នៅថ្ងៃនេះគឺជាខួបលើកទី១៣ឆ្នាំនៃការស្លាប់របស់ លោក ជា វិជ្ជា។
នៅក្នុងពិធីរំលឹកខួបមរណភាពនេះ គេឃើញមានការចូលរួមដោយ លោក ជា មុនី ប្រធានសហជីពសេរីកម្មករ ដែលជាប្អូនរបស់លោក ជា វិជ្ជា, លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា រួមទាំង តំណាងរាស្រ្តគណបក្សប្រឆាំងផងដែរ។
សូមបញ្ជាក់ថា នាថ្មីៗនេះ សាលារាជធានីភ្នំពេញ បានអនុញ្ញាតឱ្យ ឲ្យមន្ត្រីសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ធ្វើពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា អតីតប្រធានសហជីពនេះ នៅថ្ងៃទី២២ មករា ឆ្នាំ២០១៧នេះ ប៉ុន្តែមិនអនុញ្ញាតឱ្យហែរក្បួន ឬថ្លែងសារនយោបាយ ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខសាធារណនោះឡើយ៕