(ភ្នំពេញ)៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងគណៈប្រតិភូ បានត្រឡប់មកដល់មាតុភូមិ ប្រកបដោយសុវត្ថិភាពវិញហើយ បន្ទាប់ពីបានចុះចតនៅទីក្រុងហុងកុង ហើយបន្តដំណើរមកភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើ Facebook យ៉ាងដូច្នេះថា៖ «ពេលនេះខ្ញុំ និងគណៈប្រតិភូបានមកដល់ហុងកុងហើយ បន្ទាប់ពីហោះក្នុង ចម្ងាយចំនួន 9,289KM ដែលរយៈពេលហោះ១១ម៉ោងគឺលឿងជាង២ម៉ោង ប្រៀបធៀបពេលហោះពីហុងកុងទៅ Zurich ដោយសារហោះបណ្តោយខ្យល់។ មិនដូចការរំពឹងទុកទេ ខ្ញុំសំរាកបានតែ៣ម៉ោងប៉ុណ្ណោះនៅលើយន្តហោះ១១ម៉ោង តែមិនបញ្ហាទេសំរាប់សុខភាពខ្ញុំ។ សង្ឃឹមថា ថ្ងៃនេះមិនមានឯកសារបន្ទាន់ ណាដាក់លើតុ សម្រាប់ឱ្យខ្ញុំពិនិត្យសំរេច ឬចុះហត្ថលេខានោះទេ។ ខ្ញុំសង្ឃឹមថា ចៅប្រុសចៅស្រីមួយចំនួននឹងមករកជីតាដែលខ្ញុំនឹកពួកគេយ៉ាងខ្លាំង»៕
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ ហើយសម្តេចនឹងត្រូវត្រឡប់មកដល់ប្រទេសកម្ពុជាវិញ នៅព្រឹកថ្ងៃអាទិត្យ ទី២១ ខែមករា ស្អែកនេះ។
ក្នុងដំណើរចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោករយៈពេលប៉ុន្មានថ្ងៃនេះ សម្តេចនាយករដ្ឋមន្រ្តី បានជួបប្រមុខដឹកនាំពិភពលោកជាច្រើននាក់។ រាល់ជំនួបទ្វេភាគីជាមួយមេដឹកនាំពិភពលោកនោះ សម្តេចតែងបានពិភាក្សាពីការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ហើយក៏បានស្នើឲ្យមេដឹកនាំបរទេសទាំងនោះ ជំរុញវិនិយោគិនមកវិនិយោគនៅកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតទទូច និងអំពាវនាវឲ្យមេដឹកនាំ និងអ្នកវិនិយោគបរទេសមកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ដែលនឹងធ្វើនៅកម្ពុជាចាប់ពីថ្ងៃទី១០ ដល់១២ ខែឧសភា ឆ្នាំ២០១៧នេះ៕