(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចផ្តល់ប្រាក់សំណង និង ប្រាក់ឧបត្ថម្ភសរុបប្រមាណ ១៥,៨៥១.៤១ដុល្លារអាមេរិក ជូនលោកយាយម្នាក់ ដែលផលប៉ះពាល់ដោយសារការសាងសង់ផ្លូវជាតិលេខ២១ ពីក្រុងតាខ្មៅឆ្ពោះទៅ ច្រកព្រំដែនជ្រៃធំ ខេត្តកណ្តាល។
លោកយាយ ដែលទទួលបានប្រាក់សំណង និងប្រាក់ឧបត្ថម្ភពីប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះ មានឈ្មោះ មឿន សុផល រស់នៅភូមិព្រែកថ្មី ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
តាមការចេញផ្សាយនៅលើទំព័រ Facebook របស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា លោកយាយ មឿន សុផល ទទួលបានប្រាក់សំណងពីផលប៉ះពាល់នៃការសាងសង់ផ្លូវជាតិលេខ២១ ចំនួន ៤,៦០១.១៦ ដុល្លារ។ តែដោយសារឃើញលោកយាយមានជីវភាពទីទ័លក្រខ្លាំង សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមចំនួន ១ម៉ឺនដុល្លារ និង៥លានរៀលបន្ថែមទៀត។
បើតាមការចេញផ្សាយដដែលនេះ បានបញ្ជាក់ទៀតថា ក្រៅពីការផ្តល់សំណង និងការឧបត្ថម្ភជាថវិកាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់ចែងឲ្យរកដីសាងសង់ផ្ទះជូនលោកយាយថែមទៀតផង។
ថវិកាសំណង និងឧបត្ថម្ភជាង ១ម៉ឺនដុល្លារ ត្រូវបានក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូនយកទៅប្រគល់ជូនលោកយាយ រួចហើយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ។ តែដើម្បីធានាបានសុវត្ថិភាពលើថវិកានេះ អាជ្ញាធរទទួលបន្ទុក នឹងរៀបចំសម្របសម្រួលបង្កើតគណនីធនាគារ ឲ្យលោកយាយរក្សាទុកប្រាក់ប្រកបដោយសុវត្ថិភាព។
លោកយាយ មឿន សុផល បានបង្ហាញការត្រេកអរខ្លាំង និងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន ក៏ដូចជាក្រុមការងារអន្តរក្រសួង ដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់ខ្ពស់ គិតគូរសុខទុក្ខ ដោះស្រាយសំណងផលប៉ះពាល់ និងឧបត្ថម្ភថវិកាជូនលោកយាយដោះស្រាយទុក្ខលំបាកនៅក្នុងជីវិត៕