(ភ្នំពេញ)៖ គណៈកម្មាធិការគណបក្សសង្កាត់បឹងកេងកងទី១ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ បានរៀបចំសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តការងារអភិវឌ្ឍន៍សង្កាត់ ២០១២-២០១៧ និងលើកទិសដៅភារកិច្ចបន្ត និងកម្មវិធីនយោបាយអភិវឌ្ឍន៍សង្កាត់ ២០១៧-២០២២ និងបោះឆ្នោតស្ទាប់ស្ទង់ជ្រើសរើស បេក្ខភាពក្រុមប្រឹក្សាសង្កាត់បឹងកេងកងទី១ សម្រាប់អាណត្តិទី៤។
សន្និបាតខាងលើ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក អ៉ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន។
តាមរបាយការណ៍ របស់គណៈកម្មាធិការគណបក្សសង្កាត់បឹងកេងកងទី១ បានឲ្យដឹងថា ក្នុងរយៈពេល៣អាណត្តិ កន្លងមក គណៈកម្មាធិការគណបក្សសង្កាត់ បានខិតខំយកចិត្តទុកដាក់លើកកម្ពស់ លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ការយកចិត្តទុកដាក់ផ្តល់សេវា ជូនប្រជាជនបានទាន់ពេលវេលា ការដោះស្រាយនូវសំណូមពរនានារបស់ប្រជាជន និងការលើកកម្ពស់សិទ្ធិសេរីភាពរបស់ប្រជាជនគ្រប់ៗរូប បានរស់នៅប្រកបដោយសុខដុមរមនា គ្មានការបែងចែកនិន្នាការនយោបាយ អតីតកាល ភេទ ជំនឿសាសនា ដើមកំណើតជាតិ និងឋានៈសង្គម ស្របតាមគោលនយោបាយ និងកម្មវិធីនយោបាយ របស់គណបក្សប្រជាជនកម្ពុជា។
ពិធីនេះ ក៏បានផ្តល់ឱកាសដល់សមាជិកគណបក្ស ប្រជាជនកម្ពុជាដែលបានចូលរួមលើកឡើងនូវមតិ យោបល់ដើម្បីអភិវឌ្ឍន៍សង្កាត់ ឲ្យមានការរីកចម្រើនថែមទៀត និងបោះឆ្នោតសម្ដែងមតិស្ទាបស្ទង់ លើបញ្ជីបេក្ខជនក្រុមប្រឹក្សា សម្រាប់អាណត្តិទី៤។
ជាមួយនោះក៏បានជម្រាបជូនអង្គពិធី អំពីសមិទ្ធផលជាច្រើន ដែលគណបក្សប្រជាជនកម្ពុជា បានខិតខំពុះពារគ្រប់បែបយ៉ាង ក្នុងការរក្សានូវសុខសន្តិភាព និងស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ពង្រឹងខឿនសេដ្ឋកិច្ចជាតិរក្សាបានកំណើនថេរជាមធ្យមប្រចាំឆ្នាំ ៧ភាគរយ អត្រាភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយមកត្រឹម ១៣.៥ភាគរយ និងអត្រាអត់ការងារធ្វើចំនួន ០.៧ភាគរយ ប្រែក្លាយប្រទេសកម្ពុជា ពីប្រទេសដែលមានចំណូលកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងកំពុងឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។
ការដំឡើងប្រាក់ឈ្នួលអប្បរមា សម្រាប់កម្មករចំនួន ១៥៣ដុល្លារ រួមនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ បានទទួលពី ១៧០ដុល្លារ ទៅ១៨១ដុល្លារ សម្រាប់ឆ្នាំ២០១៧ ការដំឡើងប្រាក់បៀវត្សមន្រ្តីរាជការឱ្យបានយ៉ាងតិច ១លានរៀល ការលើកលែងការបង់ពន្ធក្នុងការផ្ទេរទ្រព្យសម្បត្តិ ពីឪពុកម្តាយទៅកូន ការលើកលែងការបង់ថ្លៃប្រថាប់ត្រា ការធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារដោយឥតបង់ថ្លៃ និងការគិតគូរដល់ការផ្តល់សេវា និងភាពងាយស្រួលជូនប្រជាជនកាន់តែច្រើនថែមទៀង។
ទន្ទឹមនឹងនោះ លោកប្រធានក៏បានផ្តល់អនុសាសន៍ដល់គណបក្សសង្កាត់ ត្រូវបន្តខិតខំយកចិត្តទុកដាក់បន្ត អនុវត្តគោលនយោបាយអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០១៧-២០២២ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីផ្តល់សេវានានា ជូនប្រជាជនបានទាន់វេលា ប្រកបដោយតម្លាភាព ការពារផលប្រយោជន៍ ស្របច្បាប់ជូនប្រជាជន ពង្រីកហេដ្ឋារចនាសម្ព័ន្ធ រក្សាសន្តិសុខសណ្តាប់ធ្នាប់ បង្កលក្ខណៈងាយស្រួលជូនប្រជាជន ក្នុងការប្រកបរបររកទទួលទាន និងរួមគ្នាបន្តការអភិវឌ្ឍន៍សង្កាត់បឹងកេងកងទី១ និងសង្គមជាតិ ប្រកបដោយភាពរុងរឿង។
នាឱកាសនេះ ក្នុងនាមជាសមាជិកគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងកេងកងទី១ លោកប្រធាន និងលោកស្រី ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចុះឈ្មោះ និងបោះឆ្នោតស្ទាបស្ទង់បេក្ខភាពក្រុមប្រឹក្សាសង្កាត់បឹងកេងកងទី១ សម្រាប់អាណត្តិទី៤ ផងដែរ៕