Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមចោរប្លន់បាញ់សម្លាប់បុរសម្នាក់ នៅមុខផ្ទះក្បែរសុវណ្ណាយប់មិញ ត្រូវបានជនរងគ្រោះផ្សេងទៀតអះអាងថា ធ្លាប់ប្លន់ពួកគេកាលពីខែមុនផងដែរ (Video Inside)

21-01-2017 19:29

(ភ្នំពេញ)៖ បន្ទាប់ពីការចេញផ្សាយនូវសកម្មភាពចោរប្លន់បាញ់សម្លាប់បុរសម្នាក់យ៉ាងសាហាវព្រៃផ្សៃ និងធ្វើឲ្យនារីពីរនាក់រងរបួសយ៉ាងដំណំ នៅមុខផ្ទះស្ថិតនៅក្បែរផ្សារ​សុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមននោះ មាននារីម្នាក់ ក៏បានបង្ហោះវីដេអូពីកាមេរ៉ាសុវត្ថិភាពបង្ហាញសកម្មភាពប្លន់ពួកនាង កាលពីខែធ្នូ ឆ្នាំ២០១៦ផងដែរ។ អ្នកបង្ហោះវីដេអូនេះ បានអះអាងថា ក្រុមចោរដែលប្លន់យប់មិញ និងប្លន់ពួកនាងនោះ គឺជាក្រុមតែមួយ។

នារីដែលបង្ហោះវីដេអូ បានឆ្លើយប្រាប់ Fresh News តាមទូរស័ព្ទនៅល្ងាចថ្ងៃសៅរ៍ ទី២១ ខែមករា ឆ្នាំ២០១៧នេះ ក្រុមចោរនេះ បានប្លន់រូបនាង និងមិត្តភក្តិនៅអំឡុងម៉ោងជាងពីររំលងអាធ្រាត្រ នៅតំបន់បឹងត្របែក ខណ្ឌចំការមន ពេលពួកនាងកំពុងចូលទៅខុនដូ កន្លែងដែលពួកនាងស្នាក់នៅ។ នារីដែលបានបង្ហោះវីដេអូនេះ បានបញ្ជាក់ទៀតថា មុនពេលក្រុមចោរធ្វើសកម្មភាពប្លន់ពួកនាង គឺនាងមិនបានដឹងខ្លួនមុននោះឡើយ តែក្រុមចោរមិនបានបាញ់កាំភ្លើងនោះឡើយ ដោយសារពួកនាងបើករត់ចូលខុនដូទាន់ពេល។

ទោះបីជាយ៉ាងណា ពួកនារីរងគ្រោះខាងលើមិនបានធ្វើការប្តឹងសមត្ថកិច្ចនោះទេ ព្រោះមិនមានការបាត់បង់ទ្រព្យសម្បត្តិ ឬរងគ្រោះថ្នាក់អ្វីនោះឡើយ។

នារីរូបនេះ បានបញ្ជាក់ទៀតថា ក្រុមចោរដែលប្លន់រូបនាង ទាំងម៉ូតូ និងភិនភាគ គឺដូចគ្នាបេះបិទទៅនឹងក្រុមចោរប្លន់ជនរងគ្រោះ នៅម្តុំផ្សារសុណ្ណាម្សិលមិញនេះ ទើបនាងហ៊ានសន្និដ្ឋានថា ក្រុមចោរដែកធ្លាប់ប្លន់រូបនាង និងក្រុមចោរប្លន់យប់មិញ គឺជាក្រុមតែមួយ៕