(ព្រៃវែង)៖ លោក វុធ ផល្លី ប្រធានក្រុមការងារចុះជួយឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានថ្លែងអំពាវនាវដល់សកម្មជនរបស់ខ្លួនទំាំងអស់ អញ្ជើញទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់ៗគ្នា នៅពេលបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នាដើមខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
ការលើកឡើងរបស់លោក វុធ ផល្លី បានធ្វើឡើងនៅក្នុងពិធីបើកសន្និបាតបូកសរុបការងាររយៈពេល ៥ឆ្នាំ និងទិសដៅសម្រាប់ ការអភិវឌ្ឍឃុំអាណត្តិទី៤ ឆ្នាំ២០១៧-២០២២ របស់គណៈកម្មាធិការឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦នេះ។
លោក វុធ ផល្លី បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានកសាងសមិទ្ធផល ជាច្រើននៅតាមូលដ្ឋានជាក់ស្តែង ដើម្បីកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
លោកបានបន្ថែមឲ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការអនុវត្តន៍កម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ គឺសម្រេចបានសមិទ្ធផលថ្មីៗជាច្រើនទៀត ជូនជាតិ និងប្រជាជន ជាពិសេសការពង្រីកសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ត្រូវបានរក្សាយ៉ាងរឹងមាំ ធ្វើឲ្យប្រជាជនរស់នៅយ៉ាងសុខសាន្ត ព្រមទាំងធានានូវការអនុគ្រោះ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមជាតិផងដែរ ៕