(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ បានអញ្ជើញបិទកិច្ចប្រជុំបូកសរុប វាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០១៥-២០១៦ និងលើកទិសដៅឆ្នាំសិក្សា២០១៦-២០១៧ និងប្រគល់ទង់ជ័យលាភីថ្នាក់លេខ១ ថ្នាក់លេខ២ និងប័ណ្ណសរសើរ ជូនដល់បុគ្គលិកអប់រំ និងអតីតមន្ត្រីអប់រំចូលនិវត្តន៍ ដែលមានស្នាដៃល្អឆ្នើម៥០រូប របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំបណ្ណាល័យសាមគ្គីវិទ្យាល័យពោធិ៍សាត់ ដោយបានការចូលរួមថ្នាក់ដឹកនាំមន្ទីរ អង្គការដៃគូ និងមន្ត្រីក្រោមឱវាទមន្ទីរអប់រំខេត្ត ជាង៣០០នាក់។
ផ្អែកតាមរបាយការណ៍របស់ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឲ្យដឹងថា លទ្ធផលនៅឆ្នាំសិក្សា២០១៦-២០១៧ ទូទាំងខេត្ត មានសាលាមត្តេយ្យទាំងរដ្ឋ ឯកជន និងសហគមន៍១៣៩កន្លែង បឋមសិក្សា៣០០កន្លែង អនុវិទ្យាល័យ៤៤កន្លែង និងវិទ្យាល័យ១៥កន្លែង សិស្ស១០២.៧៧៩នាក់ បុគ្គលិកអប់រំ៤.០៤៣នាក់។
កម្មវិធីអក្ខរកម្មវិជ្ជាជីវៈមាន៥៦ថ្នាក់ សិស្ស១.១៤៧នាក់ គ្រូ៥៦នាក់ កម្មវិធីសមមូលបឋមសិក្សាមាន២៨ថ្នាក់ សិស្ស៥៤២នាក់ គ្រូ២៨នាក់ កម្មវិធីបំពេញវិជ្ជាមធ្យមសិក្សាទុតិយភូមិមាន៣ថ្នាក់ សិស្ស១១០នាក់ គ្រូ៥នាក់ និងមានមជ្ឈមណ្ឌលសិក្សាសហគមន៍១៩កន្លែង មានអ្នកគ្រប់គ្រង៩៥នាក់។
លោក ម៉ៅ ធនិន បានថ្លែងថា ការជួបជុំគ្នានេះ គឺជាការឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ ពីសំណាក់មន្ត្រីអប់រំក៏ដូចជាអ្នកពាក់ព័ន្ធ សម្រាប់ជាធាតុចូលក្នុងការបង្កើនប្រសិទ្ធភាព នៃផែនការយុទ្ធសាស្ត្រវិស័យអប់រំ និងលើកទិសដៅឆ្នាំសិក្សាថ្មី កាន់តែប្រសើរឲ្យក្លាយជាប្រទេសអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបាននឹងកំពុងយកចិត្តទុកដាក់លើវិស័យអប់រំ ជាវិស័យអាទិភាព និងជាឆ្អឹងខ្នង សម្រាប់ទ្រទ្រង់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
លោកអភិបាលខេត្ត បានអំពាវនាវដល់ថ្នាក់ដឹកនាំមន្ទីរអប់រំ អង្គការដៃគូ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តចូលរួមចំណែក និងគាំទ្រ ការអនុវត្តនូវកម្មវិធី កំណែទម្រង់វិស័យអប់រំទាំង១៥ចំណុច គឺការគ្រប់គ្រងហិរញ្ញវត្ថុ ពង្រាយគ្រូបង្រៀន បណ្តុះបណ្តាលគ្រូ លើកកម្ពស់គុណវឌ្ឍគ្រូ អធិការកិច្ច វាយតម្លៃលទ្ធភល ការប្រឡង សៀវភៅសិក្សាគោល ការសាងសង់ជួសជុលអាគារ វាយតម្លៃគ្រឹះស្ថាន លើកកម្ពស់វិស័យកីឡា គោលនយោបាយ យុវជន អប់រំបច្ចេកទេស បង្កើតសាលារៀនជំនាន់ថ្មី និងការរៀបចំគន្លងអាជីព ដែលជាការឆ្លើយតបទៅនឹងតម្រូវការថ្មី នៃការអភិវឌ្ឍន៍ធនធានមនុស្ស ប្រកបដោយគុណភាព ទាំងចំណេះដឹង ចំណេះធ្វើ គុណធម៌ និងសីលធម៌។
លោកអភិបាលខេត្ត មានជំនឿថា លោក លោកស្រី និងសមាជិក សមាជិកាទាំងអស់ នឹងចូលរួមយ៉ាងផុលផុស ក្នុងការចែករំលែកបទពិសោធន៍ រកឲ្យឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយ ព្រមទាំងបញ្ហាប្រឈមនានា នៅក្នុងវិស័យអប់រំ អាចជាដំណោះស្រាយប្រកបដោយប្រសិទ្ធិភាព មានលក្ខណៈស៊ីជម្រៅ និងមានវិសាលភាពទូលាយ ឈានទៅពង្រឹងគុណភាពអប់រំ នៅគ្រប់កម្រិត និងការផ្តល់សេវាអប់រំឲ្យមានគុណភាព សមធម៌ និងផ្តល់ឱកាសសិក្សាពេញមួយជីវិត សម្រាប់ទាំងអស់គ្នា។
ឆ្លៀតក្នុងឱកាសនោះ លោក ម៉ៅ ធនិន ក៏បានប្រគល់ទង់ជ័យលាភីថ្នាក់លេខ១ ថ្នាក់លេខ២ និងប័ណ្ណសរសើរ ជូនដល់បុគ្គលិកអប់រំ និងអតីតមន្ត្រីអប់រំចូលនិវត្តន៍ ដែលមានស្នាដៃល្អឆ្នើម ៥០រូប ព្រមទាំងបានចែកជូនវត្ថុកំដរដៃ របស់លោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន ដល់អ្នកចូលរួម ជាសារុងម្នាក់១ផងដែរ៕