(សៀមរាប)៖ កំណាត់ផ្លូវវង់តូចចាប់ពីខាងកើតកសិន្ធុអង្គរវត្ត ដល់ខាងកើតស្រះស្រង់ប្រវែង៣៧៥៨ម៉ែត្រ ដែលរងនូវការខូចខាតដោយអន្លើរ ត្រូវបានជួសជុលឡើង​វិញទាំងស្រុង ដោយអាជ្ញាធរជាតិអប្សរា តាមការគ្រោងទុកផ្លូវនេះ នឹងរួចរាល់ទាំងស្រុងនៅដើមខែកុម្ភៈ ឆ្នាំ២០១៧នេះហើយ។

លោក ហេង គឹមឡេង ប្រធាននាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងគម្រោងអន្តរវិស័យបានឱ្យដឹងថា គម្រោងកែលម្អផ្លូវវង់តូច ពីខាងកើតកសិន្ធុអង្គរ​ទៅដល់ខាងកើតស្រះ​ស្រង់ គឺត្រូវបញ្ចប់ត្រឹមចំណុចខាងត្បូងស្រះស្រង់សិន។ ពីមុនផ្លូវនេះមានទទឹងពី៥ម៉ែត្រ ទៅ៦ម៉ែត្រ តែពេលនេះយើង បានកែលម្អឱ្យមានទទឹង​សរុប៩ម៉ែត្រ ដូចផ្លូវពីមុខ​អង្គរ​វត្តទៅក្លោងទ្វារទន្លេអុំដែរ។

លោកបន្តទៀតថា ក្នុងការកែលម្អរផ្លូវនេះ គឺត្រូវពង្រីកគ្រឹះរងជាប្រភេទក្រួសក្រហមកម្រាស់២០សង់ទីម៉ែត្រ សងខាងឱ្យបានទទឹង៩ម៉ែត្រ បន្ទាប់មកក្រាលគ្រឹះ​ចម្បងពី​ល្បាយ​ថ្មកម្រាស់១៥សង់ទីម៉ែត្រលើផ្ទៃផ្លូវទាំងមូលដែលមានទទឹង៩ម៉ែត្រនោះ។ ជំហានបន្ត គឺក្រាលកម្រាលប្រភេទDBST៦ម៉ែត្រ នៅកណ្តាល និង១.៥ម៉ែត្រ អមសងខាងជាប្រភេទSBST។ បន្ថែមពីនោះក៏មានផ្លូវវាងដើមឈើមួយចំនួនដើម្បីរក្សាការពារដើមឈើទាំងនោះទៀតផង។

ជាការកត់សម្គាល់ក្នុងកំឡុងពេលនៃការជួសជុលនេះ ក៏បានបង្ករការហុយរំខានខ្លះៗ ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក៏ដូចជា ភ្ញៀវទេសចរដែលទស្សនា​តំបន់ឧទ្យានអង្គរ។

ម្យ៉ាងទៀតស្ថានភាពផ្លូវនៅពេលនេះ គឺកំពុងចាក់កៅស៊ូ និងរោយកម្ទេចថ្មតាមលក្ខណៈបច្ចេកទេស ដែលចៀសមិនផុតពីការហុយដីដោយអន្លើរក្នុងមួយរយៈពេលខ្លី។

ត្រង់ចំណុចនេះអ្នកជំនាញបានពន្យល់ថា ក្នុងរយៈពេលនៃការចាក់បំពេញកៅស៊ូភ្លាមៗយើងមិនអាចឱ្យប៉ះទឹកបានទេ រហូតដល់កៅស៊ូឡើងជ្រាបស្មើសាច់ល្អ​ទើបអាចប៉ះទឹកបាន។ ដូចនេះក្នុងនាមស្ថាប័នជំនាញ អាជ្ញាធរជាតិអប្សរាសូមការអធ្យាស្រ័យ និងការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាពីសំណាក់​ភ្ញៀវទេសចរទាំងអស់ ដែលបានមកទស្សនាតំបន់រមណីយដ្ឋានអង្គរ ចំពោះផលលំបាកតិចតួចដែលបង្ករឡើងពីការស្ថាបនាផ្លូវនេះ។

ម្យ៉ាងទៀតក្នុងពេលឆាប់ៗបន្ទាប់ពីចាក់កៅស៊ូរួចរាល់ទាំងស្រុង ផ្លូវនេះនឹងបាត់ហុយ ហើយក្លាយជាផ្លូវមួយដ៏ល្អសម្រាប់ការធ្វើដំណើរ ងាយស្រួលក្នុងការទស្សនា​ប្រាង្គប្រាសាទប្រកបដោយផាសុខភាព៕