(កណ្តាល)៖ ប្រជាពលរដ្ឋមួយគ្រួសារ ពិតជាសប្បាយចិត្ត និងរំភើបយ៉ាងខ្លាំង នៅពេលដែលកូនស្រីជាទីស្រឡាញ់របស់ខ្លួន ដែលបានរត់ចេញពីផ្ទះមិនដឹងទៅណា រយៈ​ពេល៥ថ្ងៃមកនោះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកណ្តាល ជួយអន្តរាគមន៍ ដោយប្រើពេល៧ម៉ោង តាមរកឃើញវិញ និងនាំទៅប្រគល់ជូនអាណាព្យាបាល​ដល់ផ្ទះតែម្តង។

គ្រួសារមួយនេះ រស់នៅភូមិព្រែល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល​ ហើយកូនស្រីដែលបានរត់ចេញពីផ្ទះ ដោយសារតែខឹងឪពុកម្តាយនោះមានឈ្មោះ សឿន សុគន្ធ បាត់ចេញពីផ្ទះតាំងពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧នេះ ហើយត្រូវកម្លាំងអាវុធហត្ថរកឃើញវិញនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ។

មន្រ្តីអាវុធហត្ថខេត្តកណ្តាល បានឲ្យដឹងថា អនុវត្តន៍តាមភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ដែលជាយន្តកាដឹកនាំដ៏មានប្រសិទ្ធភាពរបស់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបទបញ្ជាយ៉ាងហ្មឹងម៉ាត់របស់លោក ម៉ៅ ភិរុណ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត មេបញ្ជាការអាវុធហត្ថខេត្តលោកឧត្តមសេនីយ៍ត្រី សំ តុលា បានបញ្ជាឲ្យកម្លាំងជំនាញ ជួយអន្តរាគមន៍ គ្រួសាររងគ្រោះ រហូតតាមរកឃើញកូនស្រីនេះមកវិញ ដោយប្រើតែរយៈពេល៧ម៉ោងប៉ុណ្ណោះ។

មន្រ្តីអាវុធហត្ថបានបញ្ជាក់ថា «នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ បន្ទាប់ពីបានទទួលព័ត៌មានដែលផ្សព្វផ្សាយតាមបណ្តាញសង្គម Facebook  ស្តីពីករណីបាត់ប្អូន ស្រីឈ្មោះ សឿន សុគន្ធ ដែលចេញពីផ្ទះនៅភូមិព្រែល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល តាំងពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧  រហូតមកដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ មិនទាន់ឃើញត្រឡប់មកផ្ទះវិញនោះ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដាក់បញ្ជាដល់មន្ទីរជំនាញ និងមូលដ្ឋានកងរាជអាវុធហត្ថស្រុក-ក្រុងទាំងអស់ ក្នុងខេត្ត ឲ្យធ្វើការស្រាវជ្រាវ ស្វែងរកក្មេងស្រីដែលបានបាត់ខ្លួនឲ្យអស់ពីសមត្ថភាព»

ឆ្លើយតបតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍មេបញ្ជាការ កម្លាំងមូលដ្ឋានកងរាជអាវុហត្ថស្រុកខ្សាច់កណ្តាល ដឹកនាំដោយមេបញ្ជាការស្រុក សហការជាមួយ មន្ទីរជំនាញខេត្ត បានចុះស្រាវជ្រាវ និងសាកសួរព័ត៌មានពីអាណាព្យាបាលក្មេងស្រីរួចមក រយៈពេលត្រឹមតែ៧ម៉ោងជាងប៉ុណ្ណោះ កម្លាំង អ.ហ បានរកឃើញក្មេងស្រីនោះ និងបានយកទៅប្រគល់ជូនអាណាព្យាបាលវិញ។

ក្នុងឱកាសនោះដែរ អាណាព្យាបាលក្មេងស្រី បានថ្លែងអំណអរគុណយ៉ាងជ្រាលជ្រៅដល់លោកឧត្តមសេនីយ៍ មេបញ្ជាការ និងមេបញ្ជាការស្រុក ដែលមានភាពឆ្លាតវៃ ក្នុងការដឹកនាំបញ្ជា និងចាត់វិធានការស្រាវជ្រាវ តាមរកកូនគាត់ឃើញ បានដោយជោគជ័យទាន់ពេលវេលា មិនមានរបួសស្មាម៕