(កំពង់ធំ)៖ កាលពីដើមខែមករា ឆ្នាំ២០១៧ តូបលក់ដូររបស់បងប្អូនអាជីវករនៅផ្សារក្រវ៉ា ភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានឆេះបំផ្លាញអស់ចំនួន៥៤តូប មានតម្លៃជិត១០ម៉ឺនដុល្លារនោះ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ អភិបាលខេត្តកំពង់ធំ លោក សុខ លូ បាននាំយកថវិកា (ថវិកាបានមកពីបងប្អូនអាជីវករ និងសប្បុរសជននានា) មួយចំនួនទៅជួសជុលដំបូល។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្តដែលទើបប្រកាសតែងតាំង បានប្រកាស និងជម្រាបជូនដល់បងប្អូនអាជីវករថា «ចាប់ពីថ្ងៃនេះតទៅ បងប្អូនមិនបាច់បង់ថ្លៃឈ្មួលប្រចាំឆ្នាំទៀតទេ ហើយបងប្អូនអាចលក់បន្តរហូតតកូនតចៅ ប៉ុន្តែបងប្អូនត្រូវបង់ភាស៊ី សម្រាប់សំអាតបរិស្ថាន និងអនាម័យ ក្នុងផ្សាររបស់យើងនេះ»។
ចំណែកការសាងសង់តូបលោក សុខ លូ បានប្រគល់ឲ្យគណៈកម្មាការផ្សារ ជាអ្នកសាងសង់តាមតូបដែលធ្លាប់មានពីមុន ហើយនៅថ្ងៃនេះ បងប្អូនអាជីវករទាំងអស់ពិតជាបានរីករាយណាស់ នឹងគោលនយោបាយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ចំពោះទីផ្សារទាំងអស់។ បងប្អូនអាជីវករទាំងអស់ បានប្តេជ្ញាគាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជារៀងរហូត។
សូមបញ្ជាក់ថា កាលពីយប់រំលងអាធ្រាត្រចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ ផ្សារក្រវ៉ា ស្ថិតភូមិនៅភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវបានអគ្គិភ័យឆាបឆេះ អស់តូបលក់ចំនួន៥៤តូប ស្មើទឹកប្រាក់៩៥.៩០០ដុល្លារ៕