(កណ្តាល)៖ អធិការនគរបាលស្រុកកោះធំ ខេត្តកណ្តាល លោកវរសេនីយ៍ទោ ឈឿន ប៊ុនឆន បានបន្តយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ បានហៅអ្នកបើករថយន្តធុនធំដឹកទំនិញ និងរថយន្តរត់ឈ្នួល (តាក់ស៊ី) ជាច្រើននាក់ មកពិនិត្យទឹកនោម ស្វែងរកសារធាតុញៀនក្នុងខ្លួន។ ជាលទ្ធផល ក្នុងចំណោមអ្នកបើករថយន្តចំនួន៤៩នាក់ ដែលហៅមកធ្វើតេស្តទឹកនោះមានឃើញថា មាន៣នាក់ ដែលបានប្រើប្រាស់គ្រឿងញៀន ហើយត្រូវនាំខ្លួនយកទៅចាត់ការបន្តទៀតនៅកន្លែងអធិការដ្ឋានស្រុក។
អធិការនគរបាលវ័យក្មេងប្រចាំស្រុកកោះធំ និងមានភាពល្បីខាងចាប់់ជនជាតិវៀតណាមនោះ បានបញ្ជាក់ថា «នៅព្រឹកថ្ងៃនេះ កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ សហការជាមួយកម្លាំងជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀនខេត្ត ផ្នែកសណ្តាប់ធ្នាប់ស្រុក កម្លាំងអន្តាគមន៍ និងប៉ុស្តិ៍រដ្ឋបាលសរុបចំនួន៦៥នាក់បានចុះ «ត្រួតពិនិត្យរកសារធាតុញៀន លើអ្នកបើកបររថយន្តគ្រប់ប្រភេទ» នៅចំណុចចំណតរថយន្តស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
លោកអធិការបានលើកឡើងថា យុទ្ធនាការខាងលើនេះធ្វើឡើងដោយមានការណែនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងនគរបាលខេត្តកណ្តាល កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ឲ្យនគរបាលស្រុកកោះធំ ស្វែងរកសុខជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ជាពិសេសសុវត្ថិភាពការចរាចរណ៍លើដងផ្លូវ តាមរយៈការចុះធ្វើការអប់រំ កិច្ចសន្យា និងធ្វើការត្រួតពិនិត្យរកសារធាតុញៀនលើអ្នកបើករថយន្តដល់គោលដៅ។
លោកបន្តថា៖ «ដូច្នេះហើយទើបនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ កម្លាំងអធិការនគរបាលស្រុក បានសហការជាមួយជំនាញប្រយុទ្ធគ្រឿងញៀន នគរបាលខេត្ត ចុះធ្វើយុទ្ធនាការ ធ្វើការអប់រំ កិច្ចសន្យា និងធ្វើការត្រួតពិនិត្យរកសារធាតុញៀន លើអ្នកបើករថយន្តចំនួន១គោលដៅ នៅចំណុចចំណតរថយន្តស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ ក្នុងយុទ្ធនាការចុះពិនិត្យរកសារធាតុញៀនលើអ្នកបើកបរយានយន្តនេះ គឺពិនិត្យបានចំនួន៤៩គ្រឿង ស្នើនឹង៤៩នាក់ក្នុងនោះ៖ រថយន្តធំ៧គ្រឿងស្នើ៧នាក់ ជាលទ្ធផល គ្មានផ្ទុកសារធាតុញៀន។ រថយន្ត TAXI (ដឹកអ្នកដំណើរ)ចំនួន៤២គ្រឿងស្មើ៤២ នាក់ លទ្ធផលរកឃើញអ្នកបើកបររថយន្ត(ដឹកអ្នកដំណើរ)ចំនួន៣គ្រឿងស្នើ៣នាក់ ឃើញផ្ទុកសារធាតុញៀន»។
បើតាមលោកអធិការ អ្នកទាំង៣នាក់ ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើកិច្ចសន្យាអប់រំ និងហៅអាណាព្យាបាលឲ្យយកពួក គេទៅមណ្ឌលបន្សាបគ្រឿងញៀន។
ជាមួយគ្នានេះ មន្រ្តីនគរបាលស្រុកកោះធំម្នាក់ បានលួចបង្ហើបថា នៅពេលដែលកម្លាំងនគរបាល ចុះទៅធ្វើការងារ ស្រាប់តែមានប្រតិកម្មភ្លាមៗ ពីមេបញ្ជាការវរការពារព្រំដែនគោកលេខ៦០៥ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលថា មិនបានរាយការណ៍ជូនគាត់ ហើយធ្វើរំលោភនៅក្នុងដែនដីរបស់លោក។
តែយ៉ាងណាក៏ដោយ សម្រាប់ករណីខាងលើ ត្រូវបានមន្រ្តីនគរបាលរួបនេះ អះអាងថា ការងារនេះត្រូវបានអនុញ្ញាត ពីស្នងការនគរបាលខេត្ត និងប្រធានគណៈបញ្ជាការឯកភាពស្រុកតាមការងាររដ្ឋបាលយ៉ាងត្រឹមត្រូវ៕