(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានព្យាករណ៍ សេដ្ឋកិច្ចកម្ពុជា ថានឹងបន្ដស្ថិតលើគន្លងនៃកំណើនរយៈពេលវែង ក្នុងអត្រា៧% ក្នុងឆ្នាំ២០១៧ ស្របនឹងការកើនឡើងនៃអតិផរណាប្រមាណ៣% ខណៈដែលអត្រាប្ដូប្រាក់នឹងរំពឹងថា បន្ដមានស្ថិរភាពល្អប្រសើរ ក្នុងរង្វង់៤,០៥០រៀលក្នុង១ដុល្លារអាមេរិក។
ការព្យាករណ៍ដូច្នេះ ត្រូវបានធ្វើឡើងក្នុងការរៀបចំ «សន្និបាតបូកសរុបលទ្ធផលការងាររបស់ធនាគារជាតិនៃកម្ពុជាប្រចាំឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧» ក្រោមអធិបតីភាពរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧។
ការរៀបចំសន្និបាតនេះ ក្នុងគោលបំណង អបអរសាទរ និងផ្សព្វផ្សាយឲ្យកានតែទូលំទូលាយ អំពីសមិទ្ធផល ដែលធនាគារជាតិនៃកម្ពុជា ទទួលបាននៅក្នុងឆ្នាំ២០១៦ ព្រមទាំងទស្សនវិស័យនិងទិដៅការងារឆ្នាំ២០១៧ ក្នុងការឈានទៅសម្រេចឲ្យបានជោគជ័យថ្មីៗបន្ថែមទៀត។
យោងទៅតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៦ សេដ្ឋកិច្ចពិភពលោកបន្ដងើបឡើងក្នុងល្បឿនយឺតនៅឡើយ រីឯសេដ្ឋកិច្ចកម្ពុជាបន្ដមានកំណើនរឹងមាំក្នុងរង្វង់៧ភាគរយ គាំទ្រចម្បងដោយកំណើនរឹងមាំនៃការនាំចេញ ផលិតផលសម្លៀកបំពាក់ និងស្បែកជើង កំណើនក្នុងវិស័យសំណង់ និងអចលនទ្រព្យ និងវិស័យទេសចរណ៍ ស្របពេល ដែលវិស័យកសិកម្មបានងើបឡើងវិញបន្ថិច ក្នុងនោះកម្ពុជាបានរក្សាកំណើនស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច និងស្ថិរភាពហិរញ្ញវត្ថុ បានយ៉ាងល្អប្រសើរ។
ក្នុងឆ្នាំ២០១៦ អត្រាអតិផរណាបានបន្ដស្ថិតក្នុងកម្រិតទាបជាមធ្យម២.៩ភាគរយ ដោយសារកម្រិតទាបនៃថ្លៃប្រេង ការអនុវត្តគោលនយោលបាយ សារពើពន្ធ រូបិយវត្ថុ និងអត្រាប្ដូរប្រាក់ សមស្របទៅនឹងកំណើនសកម្មភាពសេដ្ឋកិច្ច។ តម្លៃប្រាក់រៀលមានស្ថិរភាព ជាមធ្យម៤,០៥០រៀលក្នុងមួយដុល្លារអាមេរិក។ គិតមកត្រឹមចុងឆ្នាំ២០១៦ ទុនបម្រុងអន្ដរជាតិបានកើនដល់ ៦.៤ប៊ីលានដុល្លារអាមេរិក ដែលអាចធានាដល់ការទូទាត់កានាំចូល ទំនិញ និងសេវាបានប្រមាណ៥ខែ។
ចំណែកវិស័យធនាគារកម្ពុជា បានបន្ដរីកចម្រើនប្រកបដោយភាពរឹងមាំ វិសាលភាពកាន់តែទូលំទូលាយ និងបរិយាប័ន្ន។ ប្រាក់ បញ្ញើបានកើនដល់ទៅ ៦៤ភាគរយ នៃ ផ.ស.ស (កំណើន ១៨ភាគរយ) ហើយឥណទានទៅកាន់វិស័យឯកជនបានកើនដល់ ៧១ភាគរយ នៃផ.ស.ស (កំណើន២២ភាគរយ) ល្បឿន កំណើនឥណទានមាននិន្នាការថយចុះសន្សឹមៗ។ បន្ថែមពីនេះ ប្រភពទុនភាគច្រើនមានស្ថិរភាព ហើយសំពៀតឥណទានមានគុណភាពល្អ ឆ្លុះបញ្ចាំងតាមរយៈកម្រិតទាបនៃឥណទានមិនដំណើរការ៕