(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា សាលារាជធានីភ្នំពេញ និងជនពិការ បានឯកភាពគ្នាបញ្ចប់ការច្រៀងនៅតាមទីសាធារណៈ តែពួកគេអាចទៅច្រៀងនៅតាមទីកន្លែងចំនួន៣ទីតាំង ដែលសាលារាជធានីភ្នំពេញ បានរៀបចំឲ្យ។ ទីតាំងទាំង៣នោះរួមមាន៖ នៅរមណីយដ្ឋានវត្តភ្នំ សួនអតីតទីលានប្រជាធិបតេយ្យ និងសួនច្បារមុខវត្តបទុមវតី។
បើតាមលោក ប៉ា សុជាតិវង្ស ការឯកភាពនេះបានធ្វើឡើងថា នៅក្នុងកិច្ចប្រជុំមួយរវាងសាលារាជធានីភ្នំពេញ និងជនពិការកាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧នេះ។ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ការរៀបចំឆាកតន្រ្តីនៅតាមទីតាំងទាំង ៣ខាងលើជាបន្ទុករបស់សាលារាជធានីភ្នំពេញ។
លោកអភិបាលរាជធានីភ្នំពេញ បានឲ្យដឹងដែរថា ជនពិការច្រៀងតាមទីសាធារណៈបច្ចុប្បន្នមានចំនួន ២១ក្រុម ដោយបានបែងចែកជាក្រុមប្រគំតន្ត្រីជា ៥ក្រុម ដែលមានសមាជិកសរុបចំនួន១៩៤នាក់។
ក្រៅពីការឯកភាពក្នុងការបញ្ឈប់ការច្រៀងរបស់ជនពិការនៅតាមទីសាធារណៈហើយ ក្នុងកិច្ចប្រជុំម្សិលមិញនេះ សាលារាជធានីភ្នំពេញ បានចាត់ចែងឲ្យមន្ទីរសង្គមរាជធានីភ្នំពេញ ត្រូវសហការជាមួយអាជ្ញាធរខណ្ឌ សង្កាត់ ដើម្បីធ្វើបច្ចុប្បន្នភាពរបស់ជនពិការ ហើយត្រូវជួបជាមួយជនពិការទាំងអស់ ស្វែងយល់អំពីសមត្ថភាព ចំណេះ ជំនាញ ដើម្បីមានលទ្ធភាពផ្តល់ការងារជូនជនពិការ។
សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលមានតួនាទីជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការដែរនោះ ដើម្បីដោះស្រាយបញ្ហារបស់ជនពិការនេះ សម្តេចក៏បានឧបត្ថម្ភថវិកាប្រមាណជា ១៥ម៉ឺនដុល្លារ រៀបចំទិញឧបករណ៍ភ្លេងឲ្យបងប្អូនជនពិការ ដែលបានចងក្រងគ្នាជាក្រុមសម្រាប់ប្រគំតន្រ្តីស្វែងរកថវិកាទ្រទ្រង់ជីវភាព និងដើម្បីឲ្យពួកគាត់បញ្ឈប់ការច្រៀងនៅតាមភ្លើងស្តុប ឬទីសាធារណៈ៕