(ភ្នំពេញ)៖ ភាពយន្តខ្នាតធំ ដំបូងបំផុតបែបវាយតប់របស់ខ្មែរ ដែលបានបង្ហាញពីក្បាច់គុន ល្បុក្កតោខ្មែរដ៏អស្ចារ្យ រឿង «Jaibreak ឬការពារឧក្រិដ្ឋជន!» ដែលត្រូវបានគេដឹងថា ចាយទុនក្នុងផលិតអស់ជាង៣០ម៉ឺនដុល្លារ បានបើកសម្ពោធយ៉ាងកក្រើក អស់អ្នកសិល្បៈ ដាក់បញ្ចាំងជាផ្លូវការ នៅល្ងាចថ្ងៃទី២០ ខែមករា ម្សិលមិញនេះ នៅរោងភាពយន្ត Legend ផ្សារទំនើប TK ទួលគោក ដោយមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ក្រុមផលិតករខ្មែរ ផលិតករបរទេស ក្រុមតារាសម្ដែង ទស្សនិកជន និងអ្នកសារព័ត៌មាន ជាច្រើននាក់។
លោក Jimmy Henderson ជាផលិតករ បានបញ្ជាក់ថា រឿង «Jaibreak» ជាប្រភេទភាពយន្ត បែបវាយតប់រស់រវើក មិនចាញ់កុនហូលីវូដ ដើម្បីឲ្យខ្មែរប្ដូរទស្សនៈ ដែលចូលចិត្តមើល តែប្រភេទរឿងខ្មោច និងកំប្លែង ឲ្យងាកមកមើលរឿងវាយតប់ បង្កប់នូវក្បាច់គុណល្បុក្កតោ បែបស្ដង់ដាអន្តរជាតិ។ រឿងនេះបានចំណាយទុនផលិតរហូត ដល់ជាង៣០ម៉ឺនដុល្លារ ដែលមានការចូលរួមពី តារាសម្ដែងល្បីៗនៅក្នុងប្រទេសកម្ពុជា និងតារាសម្ដែងមកពីប្រទេសបារាំង និងតារាបរទេសពីរបីនាក់ផ្សេងទៀត។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងនោះក៏មានកីឡាករ កីឡាការិនីដែលចេះក្បាច់គុណ និងល្បីឈ្មោះ ក៏ត្រូវបានអញ្ជើញឲ្យចូលសម្ដែងផងដែរ។
លោក Jimmy Henderson ថ្លែងថា «ខ្ញុំហ៊ាននិយាយថា នេះភាពយន្តខ្មែរល្អបំផុត ដែលមិនធ្លាប់បានធ្វើនៅប្រទេសកម្ពុជា ព្រោះមានឈុតឆាកប្រយុទ្ធគ្នា ដែលថតយ៉ាងមានគុណភាព និងការសម្ដែងដ៏អស្ចារ្យ។ ភាពឥតខ្ចោះក្នុងភាពយន្តនេះហើយ ទើបធ្វើឲ្យរឿង Jailbreak ទទួលបានសិទ្ធិដាក់បញ្ចាំង នៅទីផ្សារអាមេរិក!»។
លោក Jimmy Henderson បានថ្លែងឲ្យដឹងទៀតថា រឿង «Jailbreak» ជាប្រភេទវាយតប់រវាងប៉ូលិស និងក្រុមឧក្រិដ្ឋជននៅក្នុងគុក ហើយក៏រំលេចពីក្បាក់គុណល្បុក្កតោ របស់ខ្មែរផងដែរ។ លោកបានផលិតភាពយន្តចំនួន៥ រឿងមកហើយ ដែលបានដាក់បញ្ចាំង នៅទីផ្សារភាពយន្តខ្មែរ តែមិនទាន់ទទួលបាន ជោគជ័យទេ។ ប៉ុន្តែលោកនៅតែជំនះផលិតរឿង ដែលមានរសជាតិថ្មីមួយបន្ថែមទៀត។
សូមបញ្ជាក់ថា ភាពយន្តខ្នាតធំរឿង «Jailbreak» នឹងត្រូវចាក់បញ្ចាំងជាផ្លូវការ ចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧នេះ តទៅ នៅតាមបណ្ដារោងភាពយន្តទំនើបនានា ក្នុងក្រុងភ្នំពេញ ព្រមទាំងត្រៀមបញ្ចាំងនៅលើទីផ្សារបរទេស ក្នុងពេលឆាប់ខាងមុខនេះផងដែរ៕