(បាត់ដំបង)៖ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំតាម៉ឺន និងឃុំអូរតាគី លោក សួស អង្គារ៍  អញ្ជើញចូលរួមបើកអង្គសន្និបាតបូកសរុបការងារ គណៈកម្មាធិការបក្សប្រជាជនកម្ពុជាអាណត្តិទី៣ នៅឃុំអូរតាម៉ឺន ព្រមទាំងលើកផែនការ និងទិសដៅបន្តទៀតសម្រាប់អាណត្តិបន្ទាប់។ ជាមួយគ្នានេះសកម្មជន និងប្រជាពលរដ្ឋជាច្រើននាក់ បានប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យបន្តដឹកនាំទៀត។

ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ នៅទីស្នាក់ការបក្សស្រុកថ្មគោល ដោយមានការចូលរួមពីសមាជិក ក្រុមការងារចុះជួយឃុំ និងប្រធានក្រុមបក្សមកពីបណ្តាសាខាបក្សភូមិទាំង១០ ក្នុងឃុំតាម៉ឺន ប្រមាណ៦៤០នាក់ ក្នុងនោះមានស្រី១៤៨នាក់(បេក្ខជនឈឈ្មោះមាន ៣០រូប)។

នៅក្នុងឱកាសនោះដែរ អង្គសន្និបាតបូកសរុបបានអនុញាតឲ្យសមាជិក សមាជិកាបក្សឡើងមានមតិ និងសំណូមពរ ដើម្បីបំពេញបន្ថែមការនូវខ្វះខាតមួយចំនួន។ សមាជិកទាំងអស់ ក៏បានប្តេជ្ញាចិត្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ពិសេសបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ នាដើមខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ដើម្បីដណ្តើមជ័យជម្នះ ជូនគណបក្សបន្តដឹកនាំ និងបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើឡើងជាងមុនបន្ថែមទៀត។

នៅក្នុងនោះដែរ លោក លោក សម ណេង បានឡើងអានសេចក្តីសម្រេចគណៈកម្មាធិការរៀបចំការបោះឆ្នោត គណបក្សប្រជាជនកម្ពុជាប្រចាំឃុំតាម៉ឺន ដើម្បីបង្ហាញមុខដល់អង្គសន្និបាត និងអនុម័តលើរបាយការណ៍៥ឆ្នាំ ក្រុមប្រឹក្សាឃុំរួមគ្នាផងដែរ។

អង្គសន្និបាតក៏បានរៀបចំធ្វើការបោះឆ្នោតសម្ងាត់ ដោយគូសលើឈ្មោះដែលលោកអ្នកពេញចិត្តដើម្បីជ្រើសរើសបេក្ខភាព ក្រុមប្រឹក្សាឃុំអាណត្តិថ្មី ឆ្នាំ២០១៧-២០២២ រួចបិទហិបឆ្នោតបញ្ជូនទៅគណៈកម្មាធិការបក្សស្រុកថ្មគោល ត្រួតពិនិត្យលទ្ធផល ហើយនិងបញ្ចូលទៅក្នុងបេក្ខជនឈរឈ្មោះឲ្យគេបោះឆ្នោត ក្នុងការបោះឆ្នោតអាណត្តិថ្មីខាងមុខនេះ។

ក្នុងឱកាសនោះដែរលោក សួស អង្គារ៍ បានផ្តាំផ្ញើការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រធានក្រុមការងារចុះជួយខេត្ត។ លោកបានលើកឡើងថា «មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ជូនប្រទេសជាតិលើគ្រប់វិស័យរហូតមកទល់បច្ចុប្បន្ន»។  

បន្ថែមពីនេះលោក សួស អង្គារ៍ បានលើកឡើងទៀតថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ដូចសម្តេចក្រឡាហោម ស ខេង តែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខ និងស្ថានភាពជីវភាពរស់នៅរបស់បងប្អូនជានិច្ចរហូតមក ហើយនេះជាវប្បធម៌ចែករំលែកដ៏ល្អ មួយរបស់គណបក្សប្រជាជនកម្ពុជាយើង។

លោកប្រធានក៏បានបញ្ជាក់ទៀតថា ក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំទាំង២ សូមថ្លែងអំណរគុណដល់សមាជិក សមាជិកាបក្សមូលដ្ឋាន ប្រជាពលរដ្ឋ ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជាកន្លងមក ក៏ដូចជាទៅថ្ងៃអនាគតដែរ។

លោកថា «ទីណាមានការលំបាក ទីនោះមានមុខក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយដោះស្រាយជូនប្រជាពលរដ្ឋគ្រប់បែបយ៉ាងទាន់ពេលវេលា រហ័សទាន់ចិត្ត មិនដែលភូតកុហកដូចគណបក្សផ្សេងនោះឡើយ ពោលបានតែឃោសនាភូតកុហក មិនដែលបានធ្វើអ្វីជូនប្រជាពលរដ្ឋចាំតែឆ្លៀត ឱកាសបោកប្រាស់ដើម្បីទាញយកសម្លេងឆ្នោតប៉ុណ្ណោះ។ មិនដូចគណបក្សប្រជាជនកម្ពុជាយើងទេ គឺមានទម្លាប់ល្អមួយ មិនដែលសន្យាជាមួយប្រជាពលរដ្ឋ តែបានធ្វើកសាងសមិទ្ធិផលជាច្រើនសន្ធឹកសន្ធាប់សម្រាប់ជាប្រយោជន៍សាធារណៈជូនជាតិ និងប្រជាជនរហូតមកក្នុងមូលដ្ឋានរបស់ខ្លួន»។

លោកប្រធានបានបន្ថែមទៀតថា ប្រជាពលរដ្ឋមូលដ្ឋានយើងទាំងអស់ ត្រូវចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច ពិសេសត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានល្អ ដើម្បីការពារនិងកាត់បន្ថយអាត្រាស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ នាំគ្នាជួយសម្អាតអនាម័យបរិស្ថានដើម្បីសុខភាពប្រជាពលរដ្ឋយើងទាំងអស់គ្នាផងដែរ។ នៅក្នុងអង្គសន្និបាតនេះដែរ លោកប្រធានក្រុមការងារក៏បានចំណាយថវិកាសម្រាប់កម្មវិធិជាង៩លានរៀលផងដែរ៕
-