(ភ្នំពេញ)៖ ស្រ្តី២នាក់ដែលរងការបាញ់ប្រហារពីក្រុមខ្មាន់កាំភ្លើង២នាក់ ជិះម៉ូតូ១គ្រឿង បណ្តាលឲ្យរងរបួសនៅជិតធនាគារកាណាឌីយ៉ា សង្កាត់វាលវង់ ខណ្ឌ៧មករា នាយប់រំលងអាធ្រាត្រចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នោះ ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យថា អាចបណ្តាលមកពីរឿងស្នេហាត្រីកោណ។
នៅពេលនេះ កម្លាំងនគរបាលក្រោមការបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ផ្កាយ៣ រ័ត្ន ស្រ៊ាង បាននិងកំពុងធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីតាមចាប់ជនបង្កទាំងនេះ។
មន្រ្តីនគរបាលខណ្ឌ៧មករា បានថ្លែងប្រាប់ភ្នាក់ងារប្រចាំខណ្ឌ៧មករា លោក ជួន សុជាតិ នៅព្រឹកនេះថា មូលហេតុដែលនាំឲ្យមានការបាញ់ប្រហារខាងលើនេះ អាចបណ្តាលមកពីរឿងស្នេហាត្រីកោណ។ រឿងស្នេហាត្រីកោណ ត្រូវបានមន្រ្តីនគរបាលអះអាងថា នារីរងគ្រោះឈ្មោះ នាក់ សម្ផស្ស អាយុ២៤ឆ្នាំ មុខរបរលក់ឥវ៉ាន់តាមប្រព័ន្ធ Online ដែលរស់នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោចង្វារ ធ្លាប់រៀបការម្តងរួចមកហើយ នៅខេត្តព្រះសីហនុ តែបានលែងលះវិញ រួចមករស់នៅភ្នំពេញរយៈពេល២ឆ្នាំហើយ។ ប៉ុន្តែនៅពេលមករស់នៅភ្នំពេញ នារីរងគ្រោះរូបនេះ មានទំនាក់ទំនងបុរសម្នាក់ (សង្ស័យប្តីគេ) រហូតទិញរថយន្តមួយគ្រឿងឲ្យជិះប៉ុន្តែរស់នៅផ្សេងគ្នា។ នេះបើតាមការបញ្ជាក់ពីបងស្រីនារីរងគ្រោះ។
យ៉ាងណាក៏ដោយ នៅពេលនេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធកំពុងសួរនាំរឿងហេតុបន្តទៀត ដើម្បីតាមចាប់ជនល្មើស។ នៅពេលនេះ នារីរងគ្រោះ ដែលរងបួសត្រង់ថ្ពាល់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ខណៈនារីរងគ្រោះម្នាក់ទៀតមិនដឹងទៅណានោះទេ។
សូមបញ្ជាក់ថា ស្រ្តី២នាក់ពេលកំពុង បើករថយន្តចេញពីក្លឹប Mango លុះមកដល់ជិតធនាគារកាណាឌីយ៉ា កែងចូលទៅផ្សារ អូរឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា ស្រាប់តែត្រូវខ្មាន់កាំភ្លើង២នាក់ បើកម៉ូតូដេញបាញ់ប្រហាររហូត៥គ្រាប់ បណ្តាលឲ្យរងរបួស ធ្ងន់ស្រាល នាយប់រំលងអាធ្រាត្រាចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ភ្នាក់ងារ Fresh News ថាមុនកើតហេតុ ពួកគេទាំង២នាក់បានបើកឡានមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-8883 ចេញពីក្លឹបកំសាន្ត Mango នៅក្នុងខណ្ឌចំការមន គោលបំណងទៅផ្ទះ។ ខណៈដែលកំពុងបើករថយន្តតាមមហាវិថីព្រះសីហនុ លុះបើកមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង មិនចាំម៉ាកបានធ្វើការបាញ់ប្រហារ មកលើរថយន្តពួកគេខាងលើបណ្តាលរងរបួស។
បន្ទាប់ពីបាញ់រះហើយ នារីរងគ្រោះទាំង២នាក់ បានព្យាយាមបើករថយន្តរត់ តែខណៈកំពុងបើករថយន្តរត់បានប្រមាណជា ៣០០ម៉ែត្រ ស្រាប់តែជនសង្ស័យទាំង២នាក់នោះ មិនអស់ចិត្តបានជិះម៉ូតូតាមបាញ់រះមកលើរថយន្តម្តងទៀតរួចហើយ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។
បន្ទាប់ពីជនសង្ស័យចេញទៅបាត់នារីរងគ្រោះទាំង២ខាងលើបានបើករថយន្តទៅមន្ទីរពេទ្យកាល់ម៉ែតដោយខ្លួនឯងដើម្បីឲ្យពេទ្យព្យាបាលរបួស៕