(សៀមរាប)៖ ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្មសាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ។
ជាក់ស្តែង នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយាន ដ្ឋានអន្តរជាតិសៀមរាប សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរស្រុក បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ ស្ថិតនៅផ្សារចារឈូក និងនៅតាមផ្ទះ ស្ថិតក្នុងឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប ជាលទ្ធផលក្រុមការងារបានរកឃើញទំនិញខូចគុណភាពជាង៣០០គីឡូក្រាមដែលក្រុមអាជីវករដាក់លក់។
យ៉ាងណាក៏ដោយ មន្រ្តីកាំកុងត្រូលបានបញ្ជាក់ថា បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួនដែលកំពុង ដាក់តាំងលក់នៅតាមបណ្តាតូប មួយចំនួន រួមមាន គុយទាវសរសៃធំ និងតូច សណ្តែកបណ្តុះ ប្រហុក ផ្អក អំបិលអ៊ីយ៉ូត រួចមកជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយអំបិលមានវត្តមានអ៊ីយ៉ូតល្អ និងពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ ដូចជា Salicylic Acid ,Borax និង Sodium Hydrosulfite (ម្សៅស) នៅក្នុងផលិតផលម្ហូបអាហារទាំងនោះឡើយ។
ដោយឡែកចំពោះការពិនិត្យ មើលលើផលិតផលកំប៉ុង និងដប និងផលិតផលវិចខ្ចប់រួច ដែលកំពុងដាក់តាំងលក់នៅតាមតូប និងតាមផ្ទះមួយចំនួនស្ថិតក្នុងឃុំចារឈូក ស្រុកអង្គរជុំរួចមក លទ្ធផល ពិនិត្យឃើញមានផលិតផលមួយចំនួនប្រែប្រួលខូចគុណភាព ច្រែះស៊ី ហួសកាលបរិច្ឆេទ ប្រើប្រាស់ ហើយត្រូវបានសាខាកាំកុងត្រូលខេត្ត សៀម រាប ធ្វើកំណត់ហេតុដកហូត យកមករក្សាទុក ដើម្បីស្នើសុំគោលការណ៏កំទេចចោលនៅពេលក្រោយ ។
ផលិតផលខូចគុណភាពដែលបានដកហូតរួមមាន ៖
ទឹកក្រូចដប និងកំប៉ុង ចម្រុះទឹកផ្លែឈើចម្រុះ ទឹកត្រី ទឹកស៊ីអ៊ីវ ខាប់ ទឹកប្រេងខ្យង ទឹកសៀង និងOvaltine ។ សរុបចំនួន ៣៣៤ គីឡូក្រាម ។
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏ បាន ចែកផ្សាយនូវ រូបភាព Poster និង ផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ ។
ក្រុមការងារក៏បានថ្លែងសរសើរ និងអរគុណដល់បងប្អូនអាជីវករមួយចំនួន ដែលបានធ្វើកិច្ចសហការល្អ ជាមួយក្រុមការងារ និងបានយល់ដឹងអំពីផលប៉ះពាល់បណ្តាលមកពីផលិតផល ខូចគុណភាព ដោយបានសុខចិត្តផ្តល់ដល់ក្រុមការងារ នូវផលិតផលខូចគុណភាពទាំងអស់នោះ៕