(ភ្នំពេញ)៖ របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា រយៈពេល២០ថ្ងៃ គិតចាប់ពីថ្ងៃ០១ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ មានមន្ត្រីកម្ពុជា ១៤,៦៧១នាក់ហើយ បានចូលប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ។
ACU បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ម្សិលមិញនេះ មានមន្ត្រីកម្ពុជាបានមកចូលប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួនប្រមាណ៨២៤នាក់ ។
សូមជម្រាបថា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នាពេលកន្លងទៅ បានប្រកាសប្រាប់ដល់មន្ត្រីកម្ពុជានានា ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល រួមទាំងប្រធានក្រុមជនបង្គោលប្រឆាំងអំពើពុករលួយ ប្រចាំនៅគ្រប់ក្រសួង-ស្ថាប័ន និងរាជធានីខេត្តទាំងអស់ ត្រៀមខ្លួន ទទួលឯកសារ ប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលត្រូវធ្វើឡើងរៀងរាល់ថ្ងៃចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ រួមទាំងថ្ងៃបុណ្យ ចាប់ពីម៉ោង៨ព្រឹក ដល់៥ល្ងាច រយៈពេលពេញមួយខែ ចាប់ពីថ្ងៃទី០១-៣១ ខែមករា ឆ្នាំ២០១៧៕