(ស្វីស)៖ សម្តេចតេជោ ហ៊ុន សែន បានសម្រេចមិនយកកម្រៃលើទិដ្ឋាការ សំបុត្រយន្តហោះពីភ្នំពេញទៅសៀមរាប និងថ្លៃចូលទស្សនាប្រាសាទបុរាណខ្មែរនោះឡើយ សម្រាប់វាគ្មិនបរទេស និងអ្នកសេដ្ឋកិច្ច ដែលចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅក្នុងខែឧសភា ឆ្នាំ២០១៧ខាងមុខនេះ។
ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារបន្តជាមួយ លោកសាស្រ្តចារ្យ Klaus Schwab ស្ថាបនិក និងជាប្រធាន (World Economic Forum-WEF) នាសាល Congress Center ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នេះបើតាម Facebook របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី។
ក្នុងជំនួបនោះ លោក Klaus Schwab បានស្វាគមន៍វត្តមាន សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញមកចូលរួមវេទិកាសេដ្ឋកិច្ច ពិភពលោកប្រចាំឆ្នាំ២០១៧ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស។ លោកនឹងអញ្ជើទៅទស្សនៈកិច្ច នៅប្រទេសកម្ពុជា ក្នុងពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន នៅក្នុងខែឧសភាខាងមុខនេះ។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ លោកសាស្រ្តាចារ្យ និងសហការី ដែលជួយកម្ពុជា ក្នុងការ ទទួលធ្វើជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន។ សម្តេចតេជោរីករាយ បន្តសហការជាមួយ លោកសាស្រ្តាចារ្យ និងសហការី ដើម្បីធ្វើយ៉ាងណាឲ្យកិច្ចប្រជុំនៅពេលខាងមុខនេះ ទទួលបានជោគជ័យ។
នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាននៅកម្ពុជាគឺ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចថា៖
ទី១៖ មិនយកកម្រៃលើទិដ្ឋាការ(VISA)
ទី២៖ មិនយកកម្រៃលើសំបុត្រធ្វើដំណើរ ពីរាជធានីភ្នំពេញ ទៅទស្សនាខេត្តសៀមរាប
ទី៣៖ មិនយកកម្រៃការចូលទស្សនា ប្រាសាទបុរាណខ្មែរទាំងអស់ ជូនដល់វាគ្មិនបរទេស និងអ្នកសេដ្ឋកិច្ចទាំងឡាយ ដែលនឹងអញ្ជើញទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាន នៅប្រទេសកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា អ្វីដែលសម្តេចតេជោចង់ឃើញ គឺវេទិកានេះនឹងបញ្ចប់ដោយជោគជ័យ ប្របកដោយអត្ថន័យ ដែលមិនអាចបំភ្លេចបាន ពីសំណាក់អ្នកចូលរួម និងរួមទាំងការស្នាក់នៅក្នុងប្រទេសកម្ពុជា ប្របដោយសុវត្ថិភាព។ ការប្រារព្ធវេទិកាសេដ្ឋកិច្ចពិភពលោក នៅក្នុងប្រទេសកម្ពុជាខាងមុខ គឺដើម្បីអបអរសាទរខួប៥០ឆ្នាំ របស់អាស៊ាន និងការប្រមើលមើល ពីអនាគតរបស់អាស៊ានផងដែរ។
សូមជម្រាប សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូកម្ពុជា បានបញ្ចប់កិច្ចប្រជុំនានា នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos, Switzerland ហើយ។ សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូអញ្ជើញវិលត្រឡប់ មកកម្ពុជាវិញនៅថ្ងៃនេះ៕