(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ចប់កិច្ចប្រជុំនានា ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលរៀបចំឡើងនៅទីក្រុង Davos ប្រទេសស្វីសហើយ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នេះ សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូកម្ពុជា ត្រឡប់ឆ្ពោះមកកម្ពុជាវិញ នេះបើយោងតាមការចុះផ្សាយរបស់ Facebook របស់សម្តេចនាយករដ្ឋមន្ត្រី។
Facebook របស់សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួម វេទិកាស្តីពី «តើអាស៊ានជា សហគមន៍មួយហើយឬនៅ?» ដែលមានការចូលរួមពីលោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc, លោក Riady មន្រ្តីសម្របសម្រួលវេទិកា, លោកស្រី Pangestu មន្រ្តីស្ថាប័នឯកជន, លោក Razak និង លោក Chipman សាល Congress Center, Sanada ដែលជាកម្មវិធីចុងក្រោយនៃ វេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos, Switzerland។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា សម្តេចតេជោ នឹងដឹកនាំគណៈប្រតិភូអញ្ជើញវិលត្រឡប់ ទៅកម្ពុជាវិញនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ដែលត្រូវធ្វើដំណើរតាមរថយន្តចេញពី Davos ទៅ Zurich ហើយបន្តដំណើរទៅ Hong Kong និងឆ្ពោះទៅកម្ពុជាវិញ។
គួររំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោង៧៖០០យប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ចាកចេញពីកម្ពុជា ដើម្បីទៅចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ នៅប្រទេសស្វីស រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់២០ ខែមករា ឆ្នាំ២០១៧៕