(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពី នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិប្រាប់ឲ្យដឹងថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន៧លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់, រងរបួសធ្ងន់១១នាក់និងរងរបួសស្រាលម្នាក់។ ក្នុងនោះអ្នកមិនពាក់មួក សុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៣នាក់ (យប់៧នាក់)។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៧លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៣គ្រឿង រួមមានម៉ូតូចំនួន ១០គ្រឿង រថយន្តធុនតូចចំនួន១គ្រឿង, រថយន្តធុនធំចំនួន២គ្រឿង។
មូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានមិនគោរពសិទ្ធិ២លើក, បត់គ្រោះថ្នាក់២លើក, ល្មើសល្បឿន១លើក, ស្រវឹង១លើក, ប្រជែង១លើក។
នាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ឲ្យដឹងថា នៅពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុប ទូទាំងប្រទេសមាន ចំនួន២,៧៣៨គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន៧៦៩គ្រឿង និងពិន័យសរុបចំនួន១,៩៦៩គ្រឿង។
យោងតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយពេល២០ថ្ងៃ គិតចាប់ថ្ងៃទី១ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ កើតឡើងចំនួន២៣៧លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន១១៦នាក់ រងរបួសសរុបចំនួន៣៤៨នាក់ ក្នុងនោះរបួសធ្ងន់២២៨នាក់ និងរងរបួសស្រាលចំនួន១២០នាក់៕