(ភ្នំពេញ)៖ ស្រ្តី២នាក់ពេលកំពុង បើករថយន្តចេញពីក្លឹប Mango លុះមកដល់ជិតធនាគារកាណាឌីយ៉ា កែងចូលទៅផ្សារ អូរឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា ស្រាប់តែត្រូវខ្មាន់កាំភ្លើង២នាក់ បើកម៉ូតូដេញបាញ់ប្រហាររហូត៥គ្រាប់ បណ្តាលឲ្យរងរបួស ធ្ងន់ស្រាល នាយប់រំលងអាធ្រាត្រាចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧។
បើតាមការបញ្ជាក់ពីសមត្ថកិច្ចនៅកន្លែងកើតហេតុ ករណីនេះអាចផ្តើមចេញពីរឿងគំនុំ ក៏ដោយសារតែក្រុមខ្មាន់កាំភ្លើង ក្រោយបាញ់ប្រហារហើយ បានបើកម៉ូតូគេចខ្លួនបាត់ មិនបានប្លន់យកទ្រព្យសម្បត្តិនោះទេ។
នារីរងគ្រោះម្នាក់ឈ្មោះ ស៊ន បូលីន អាយុ២៨ឆ្នាំ ដែលរងរបួសស្រាល នៅក្នុងហេតុការណ៍បាញ់ប្រហារខាងលើនេះ បានប្រាប់ភ្នាក់ងារ Fresh News ថាមុនកើតហេតុ ពួកគេទាំង២នាក់បានបើកឡានមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2X-8883 ចេញពីក្លឹបកំសាន្ត Mango នៅក្នុងខណ្ឌចំការមន គោលបំណងទៅផ្ទះ។
នារីរងគ្រោះបានបន្តទៀតថា ខណៈដែលកំពុងបើករថយន្តតាមមហាវិថីព្រះសីហនុ លុះបើកមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿង មិនចាំម៉ាកបានធ្វើការបាញ់ប្រហារ មកលើរថយន្តពួកគេខាងលើបណ្តាលរងរបួស ធ្ងន់ម្នាក់ និងស្រាលម្នាក់។
បន្ទាប់ពីបាញ់រះហើយ នារីរងគ្រោះទាំង២នាក់ បានព្យាយាមបើករថយន្តរត់ តែខណៈកំពុងបើករថយន្តរត់បានប្រមាណជា ៣០០ម៉ែត្រ ស្រាប់តែជនសង្ស័យទាំង២នាក់នោះ មិនអស់ចិត្តបានជិះម៉ូតូតាមបាញ់រះមកលើរថយន្តម្តងទៀតរួចហើយ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។
បន្ទាប់ពីជនសង្ស័យចេញទៅបាត់នារីរងគ្រោះទាំង២ខាងលើបានបើករថយន្តទៅមន្ទីរពេទ្យកាល់ម៉ែតដោយខ្លួនឯងដើម្បីឲ្យពេទ្យព្យាបាលរបួស។
ដោយឡែកមួយករណីទៀត៖ ជនរងគ្រោះ៣នាក់ បានរងរបួសធ្ងន់ និងស្រាល ដោយសារតែជនសង្ស័យបានប្លន់និងបាញ់ ប្រហារដល់មុខផ្ទះ នាម៉ោង២រំលងអាធ្រាត្រថ្ងៃទី២១ ខែមករាឆ្នាំ២០១៧ នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ជិតផ្សារទំនើបសុវណ្ណា។ ភ្នាក់ងារ Fresh News បានរាយការណ៍ថា មុនពេលកើតហេតុ ជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងបានធ្វើសកម្មភាពទៅឆក់កាបូប និងទូរស័ព្ទ ជនរងគ្រោះជានារីម្នាក់ ពេលចុះបើកទ្វារ ស្រាប់តែពេលនោះជនរងគ្រោះម្នាក់ទៀតដែលនៅក្នុងរថយន្ត បើកបុកធ្វើឲ្យជនសង្ស័យខឹង ក៏បើកការបាញ់ប្រហារតែម្តង បណ្តាលឲ្យរងរបួសទាំង៣នាក់។
ជនរងគ្រោះ ជិះរថយន្តសេរីទំនើប១គ្រឿងម៉ាកLexus ពណ៌ស ស្លាកលេខ ភ្នំពេញ 2AI-8799 ចេញមកពីក្លឹប Epic មកផ្ទះ។ បន្ទាប់ពីបាញ់ឲ្យរងរបួសហើយ ជនរងគ្រោះទាំង៣ត្រូវបានបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ ដើម្បីជួយសង្គ្រោះអាយុជិវិតផងដែរ។
សម្រាប់ករណីបាញ់ប្រហារទាំង២នេះកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ បាននិងកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមចាប់ជនបង្ក៕
រូបភាពខាងលើជាករណីខ្មាន់កាំភ្លើងដេញបាញ់នារី២នាក់ (ករណីទី១) និងរូបភាពខាងក្រោមករណីបាញ់ប្លន់មុខផ្ទះនៅជិតផ្សារសុវណ្ណា (ករណីទី២)