(ភ្នំពេញ)៖ ទិវារត់ប្រណាំងចម្ងាយឆ្ងាយ Ultra Trail Angkor 2017 លើកទី២ លើចម្ងាយផ្លូវ ១២៨គីឡូម៉ែត្រ ដែលជាព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ចម្លែកមួយ រៀបចំដោយក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នៅជុំវិញតំបន់អង្គរ ខេត្តសៀមរាប បានចេញដំណើរហើយ នៅវេលាម៉ោង១០យប់ថ្ងៃទី២០ ខែមករានេះ ហើយគ្រោងនឹងបញ្ចប់នៅល្ងាចថ្ងៃទី២១ ខែមករាស្អែក ដោយរត់ឥតឈប់ឡើយ ក្រៅពីសម្រាកញាំអាហារសម្រន់បន្ដិចបន្ដួចប៉ុណ្ណោះ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងថា ជាក់ស្ដែងព្រឹត្តិការណ៍អន្ដរជាតិនេះមាន ៤វិញ្ញាសាត្រូវរត់ ប៉ុន្ដែវិញ្ញាសាសំខាន់បំផុត គឺការរត់ចម្ងាយឆ្ងាយ១២៨គីឡូម៉ែត្រ ដែលទើបចេញដំណើរមុននេះបន្ដិច ដោយមានកីឡាករ-កីឡាការិនីចូលរួមសរុបជាង ៥០០នាក់ មកពី ៣៧ប្រទេសលើពិភពលោក ក្នុងនោះកីឡាមកពីបារាំងចូលរួមច្រើនជាងគេ ឈរលេខ១ ខណៈអង់គ្លេស ឈរលេខរៀងទី២ និងអាល្លឺម៉ង់ ឈរលេខរៀងទី៣ ។ រីឯវិញ្ញាសារត់ចម្ងាយ ៦៤គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ និង ១៦គីឡូម៉ែត្រ នឹងចេញដំណើរនៅព្រឹកស្អែក ។

លោកបន្ដថា ព្រឹត្តិការណ៍នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការរៀបចំកំឡុងសប្ដាហ៍ទី៣ ក្នុងខែមករាជារៀងរាល់ឆ្នាំ នៅជុំវិញតំបន់អង្គរ ដើម្បីរួមចំណែកបង្កើនភាពទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិ តាមរយៈសកម្មភាពកីឡា និងផ្សព្វផ្សាយអំពីតំបន់អច្ឆរិយនៃប្រាសាទអង្គរវត្ត ដែលជាទិសដៅទេសចរណ៍ដ៏អស្ចារ្យរបស់ពិភពលោកផងដែរ ។

អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបញ្ជាក់ថា «គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ Ultra Trail Angkor គឺដើម្បីបំផុសសកម្មភាពកីឡាក្នុងវិស័យទេសចរណ៍ និងទាក់ទាញទេសចរណ៍មកកាន់គោលដៅដ៏ល្អឯកនៃតំបន់អង្គរ ។ ម្យ៉ាងអ្នកមករត់ចម្ងាយឆ្ងាយ ភាគច្រើន គឺមានទាំងអ្នកគាំទ្រ និងប្រើពេលវេលាយូ ដើម្បីត្រៀមរត់ និងក្រោយពេលរត់ ដូច្នេះវាធ្វើឲ្យចំណេញច្រើនដល់វិស័យទេសចរណ៍ ។ តែអ្វីដែលសំខាន់ទៀតនោះ គឺការផ្សព្វផ្សាយពីវិស័យទេសចរណ៍តំបន់អង្គរ ទៅឆាកអន្ដរជាតិ ឲ្យបរទេសស្គាល់ និងមានទស្សនាកម្សាន្ដកាន់តែច្រើនបន្ថែមទៀត»